លោក ត្រឹន យុយខាញ់ នៅភូមិ វ៉ាមបៀន ឃុំ លិញហ្វ៊ិញ ស្រុក ហនដឹត (ខេត្ត កៀនយ៉ាង) ពេលទើបទទួលដីប្រគល់ម៉ៅការបានវារីវប្បកម្មមិនផ្តល់ប្រសិទ្ធភាព។ ចាប់ពីឆ្នាំ ២០១៧ គ្រួសារលោកកែប្រែនិងបែងចែកចេញជាអនុមណ្ឌលដើម្បីចិញ្ចឹមត្រីតុកកែ បង្កង។ "ដោយមានផ្ទៃទឹកចិញ្ចឹមជាង ២ ហិកតា ខ្ញុំព្រលែងត្រីពូជជាមធ្យមពី ២.០០០ ដល់ ៥.០០០ ក្បាល ប្រមូលផលត្រីបានប្រហែល ២ ដល់ ៣ តោនក្នុងមួយឆ្នាំ។ អាស្រ័យដោយប្រភពចំណីពីធម្មជាតិជាចម្បងបានជាប្រាក់ចំណេញខ្ពស់ជាបង្គួរ ប្រហែល ២០០ ដល់ ៣០០ លានដុងក្នុងមួយឆ្នាំ" លោក ខាញ់ ចែករំលែកដូច្នេះ។
គ្រួសារលោក យ័ញទ្រុង នៅឃុំ ថូសឺន ស្រុក ហនដឹត ធ្លាប់នៅក្នុងក្របខណ្ឌក្រុមគ្រួសារ ខ្មែរ ក្រីក្រ។ ឆ្នាំ ២០១៣ គ្រួសារលោកបានអាជ្ញាធរមូលដ្ឋានប្រគល់ម៉ៅការដីព្រៃ ៣ ហិកតាដើម្បីថែទាំ ការពារព្រៃឈើផង ដើម្បីវារីវប្បកម្មផង។ "មកទល់ឆ្នាំ ២០១៦ ខ្ញុំទិញក្តាមពូជនិងបង្គារខ្លាយកមកព្រលែងចូលស្រះ ព្រមទាំងស្តារប្រភពទឹក ប្រភពចំណីធម្មជាតិ។ អាស្រ័យដោយហេតុនោះ គ្រួសារប្រមូលផលបង្គារ ក្តាម ត្រីជាង ១ តោន ប្រាក់ចំណេញប្រហែល ១០០ លានដុង ក្នុងមួយឆ្នាំ" លោក ទ្រុង មានប្រសាសន៍។
លោក យឿង មិញតឹម ប្រធានគណៈកម្មាធិការប្រជាជនស្រុក ហនដឹត បានអោយដឹងថា គំរូសេដ្ឋកិច្ចក្រោមម្លប់ឈើព្រៃការពារនៅលើមូលដ្ឋានបានពង្រីកប្រសិទ្ធភាព ជួយកែលម្អមធ្យោបាយចិញ្ចឹមជីវិតជូនប្រជាជន ជាពិសេសគឺចំពោះក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារបងប្អូនជនជាតិភាគតិច។ "ដើម្បីអភិវឌ្ឍចីរភាពគំរូជលផលក្រោមម្លប់ឈើព្រៃ ស្រុកនឹងបន្តវិនិយោគ ដាក់ដំណើរការកម្មវិធី គម្រោង ឧបត្ថម្ភប្រជាជនអនុវត្តវិទ្យាសាស្រ្ត - បច្ចេកទេសក្នុងផលិតកម្ម គួបផ្សំនឹងទេសចរណ៍ អេកូឡូស៊ីក្រោមម្លប់ឈើព្រៃ" លោក យឿង មិញតឹម អោយដឹងបន្ថែម។
យោងតាមលោក ឡេ ហ៊ឺវទាន់ នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត កៀនយ៉ាង រហូតមកទល់ពេលនេះ ខេត្តបានប្រគល់ម៉ៅការជូនជាង ១.៩០០ ក្រុមគ្រួសារធ្វើការដាំព្រៃនិងធ្វើអាជីវកម្មផ្ទៃទឹកចិញ្ចឹមជលផល។
លោក ឡេ ហ៊ឺវទាន់ ផ្តល់ព័ត៌មានថា៖ "ភាពជោគជ័យនៃគំរូសេដ្ឋកិច្ចក្រោមម្លប់ឈើព្រៃជាទិសដៅត្រឹមត្រូវសម្រាប់ប្រជាជនក្នុងលក្ខខណ្ឌបម្រែបម្រួលអាកាសធាតុដូចបច្ចុប្បន្ននេះ រួមចំណែកក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមនៅតាមមូលដ្ឋានជាប់មាត់សមុទ្រ"៕
អត្ថបទនិងរូបថត៖ វ៉ាន់ស៊ី
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពខែ មិថុនា៖ យ័ញលើយ