ជាមូលដ្ឋានមានវត្ត ខ្មែរ ជិត ១០០ វត្ត ជារៀងរាល់ឆ្នាំអោយតែឱកាសវិស្សមកាលមកដល់នៅតាមបណ្តាវត្តក្នុងខេត្ត សុកត្រាំង ក៏អ៊ូអរដោយមានបង្រៀនភាសា ខ្មែរ អោយសិស្សសាលាជាកូនក្មួយបងប្អូនជនជាតិ ខ្មែរ ក្នុងភូមិស្រុក។
នៅវត្ត ពោធិសត្ថារាម (វត្ត ពោធិ៍) ស្ថិតនៅអនុសង្កាត់ ៣ សង្កាត់ ៧ (ទីក្រុង សុកត្រាំង) ឆ្នាំនេះ បានបើកបង្រៀនអក្សរ ខ្មែរ ២ ថ្នាក់គឺថ្នាក់ ទី ១ និងថ្នាក់ទី ២ ដោយមានកុមារចំនួន ១៣២ នាក់ចូលរៀនស្ថិតក្នុងវ័យអាយុពី ៦ ឆ្នាំ ដល់អាយុ ១៤ ឆ្នាំ។
នេះគឺជាថ្នាក់រៀនត្រូវបានគណៈកម្មការវត្តនិងព្រះសង្ឃបន្តរក្សានិងរៀបចំឡើងតាំងពីច្រើនឆ្នាំមកហើយគោលបំណងរួមចំណែកក្នុងការថែរក្សានិងពង្រីកអក្សរជនជាតិ ស្របពេលនោះដែរ ជួយឱ្យកូនក្មួយមានបរិយាកាសសិក្សារៀនសូត្រគាប់ប្រសើរនិងមានអត្ថប្រយោជន៍។
ថ្នាក់រៀនត្រូវបានប្រព្រឹត្តទៅជារៀងរាល់ថ្ងៃពីម៉ោង ៩ ព្រឹកដល់ម៉ោង ១១:៣០ នាទី ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ក្នុងសប្តាហ៍។ ក្រៅពីការឧបត្ថម្ភសិក្សាដោយឥតគិតថ្លៃ សិស្សសាលាថែមទាំងបានព្រះសង្ឃឧបត្ថម្ភសៀវភៅសរសេរ ប៊ិកនិងសៀវភៅពុម្ភទៀតផង។
យោងតាមព្រះតេជគុណ លៀវ ទ្រីយី បច្ចុប្បន្នជាគ្រូបង្រៀនទទួលបន្ទុកបង្ហាត់បង្រៀនអក្សរ ខ្មែរ នៅក្នុងវត្តមានសង្ឃដីកាគឺ "មួយឆ្នាំៗ វត្តបើក ៣ ថ្នាក់ពីថ្នាក់ទី ១ ដល់ថ្នាក់ទី ៣ ដោយមានសិស្សចូលរៀនប្រមាណជា ១០០ នាក់ ជាពិសេសឆ្នាំនេះ ប្អូនៗ ចូលរៀនច្រើនកុះករជាងបានជាវត្តមិនមានសិក្ខូបករណ៍គ្រប់គ្រាន់ ក៏ដូចជាសម្ភារមូលដ្ឋានដើម្បីបំពេញតម្រូវការការសិក្សារបស់ប្អូនៗ"។
ដើម្បីលើកទឹកចិត្តប្អូនៗ សិក្សារៀនសូត្របានល្អ មុនពេលចាប់ផ្តើមវគ្គសិក្សា ព្រះសង្ឃបានឧបត្ថម្ភសៀវភៅសរសេរ ប៊ិក ក៏ដូចជាបង្កើតបរិយាកាសសប្បាយរីករាយជូនប្អូនៗ ចូលរួមលេងល្បែងសរសេរអក្សរត្រូវតាមអក្ខរាវិរុទ្ធ សរសេរអក្សរផ្ចង់ស្អាតជាដើម។
កើតក្នុងឆ្នាំ ២០១៣ កុមារា សឺន វេហា កាន់សៀវភៅចូលរៀនអក្សរ ខ្មែរ ជាលើកដំបូង បានចែករំលែកនៅនឹងថ្នាក់រៀនសម្រាប់ថ្នាក់ទី ១ ថា៖ "ចូលវត្ត ប្អូនចេះអក្សរផង បានលេងសប្បាយផង ប្អូនចូលចិត្តណាស់ ឥឡូវប្អូនអាចអានបាន សរសេរតួព្យញ្ជនៈនិងស្រៈនិស្ស័យអក្សរ ខ្មែរ បាន។ ប្អូននឹងព្យាយាមសិក្សាឱ្យបានល្អដើម្បីពេលបញ្ចប់វគ្គប្រលងជាប់ពិន្ទុខ្ពស់ ទទួលបានអំណោយ។
ចំពោះថ្នាក់រៀននៅវត្ត គ្រូបង្រៀនគឺជាព្រះសង្ឃតែម្តងដែលបានបួសរៀន មានចំណេះចេះដឹងនិងបទពិសោធន៍ជាច្រើនឆ្នាំ តាំងពីត្រៀមគម្រោងកម្មវិធីបង្រៀន រៀបចំបន្ទប់រៀន ជួសជុលសិក្ខូបករណ៍បម្រើការបង្រៀននិងការរៀនប្រកបដោយគុណភាព។ ទោះបីជាថ្នាក់រៀនប្រព្រឹត្តឡើងតែក្នុងអំឡុងពេលវិស្សមកាល ២ ខែក៏ដោយ តែគុណភាពនៃការរៀនសូត្ររបស់ប្អូនៗ តែងតែត្រូវបានព្រះសង្ឃយកចិត្តទុកដាក់ជាពិសេស។
តាមរយៈនោះ កម្មវិធីបង្ហាត់បង្រៀនតែងតែត្រូវបានផ្លាស់ប្តូរថ្មី គ្រូបង្រៀនក៏រួមបញ្ចូលសកម្មភាពជាច្រើនដើម្បីបង្កើតបរិយាកាស ភាពរីករាយដើម្បីជួយប្អូនៗ យល់និងចងចាំបានល្អបំផុត។ បណ្តាពេលរៀនដ៏ជិតស្និទ្ធ មានអត្ថប្រយោជន៍ថ្ងៃវិស្សមកាលផ្តើមចេញពីបេះដូងរបស់គ្រូបង្រៀន ជាបរិយាកាសលេងកម្សាន្តដ៏គួរឱ្យចាប់អារម្មណ៍ផង ជាការជម្រុលទឹកចិត្តចំណាប់អារម្មណ៍សម្រាប់ប្អូនៗ យល់ដឹងថែរក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិផង។
គោលបំណងអភិរក្ស ពង្រីកភាសានិយាយនិងអក្សរសរសេររបស់បងប្អូនជនជាតិ ខ្មែរ វត្តអារាមតែងតែលើកទឹកចិត្តកូនក្មួយបងប្អូនជនជាតិចូលរៀន។ សកម្មភាពបង្រៀនអក្សរ ខ្មែរ ក៏តែងតែត្រូវបានគាំទ្រពីអាជ្ញាធរមូលដ្ឋាននិងពុទ្ធបរិស័ទ ខ្មែរ ទាំងឡាយជួយអោយគុណភាពនៃការបង្រៀននិងរៀនត្រូវបានលើកកម្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទនិងរូបថត៖ សឺន ហេង
ប្រែសម្រួលដោយ៖ យ៉ាញ់ លើយ