វិលត្រលប់ទៅអតីតកាលរយៈកាល ៨០ ឆ្នាំមុននេះ ប្រឈមទៅនឹងតម្រូវការនៃបដិវត្តន៍ វៀតណាម និងអនុវត្តសារាចររបស់អគ្គមគ្គុទេសក៍ ហូ ជីមិញ ថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ១៩៤៤ កងទ័ពឃោសនារំដោះ វៀតណាម - ដើមកំណើតរបស់កងទ័ពប្រជាជន វៀតណាម ត្រូវបានបង្កើតឡើង។ នេះជាព្រឹត្តិការណ៍នយោបាយ ប្រវត្តិសាស្ត្រដ៏សំខាន់ កំណត់សម្គាល់ការកកើត អភិវឌ្ឍនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ វៀតណាម។
ក៏អស់រយៈកាលចំនួន ៣៥ ឆ្នាំមុននេះ នៅថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ១៩៨៩ គណៈលេខាមជ្ឈិមបក្ស (នីតិកាលទី ៦) បានចេញសារាចរលេខ 381 - CV/ TW សម្រេចចិត្តយកថ្ងៃទី ២២ ខែ ធ្នូ គឺជាទិវាជួបជុំប្រជាជនទាំងមូលការពារជាតិ។ ការជ្រើសរើសថ្ងៃបង្កើតកងទ័ពប្រជាជន វៀតណាម ជាទិវាជួបជុំប្រជាជនទាំងមូល ការពារជាតិក៏ជាគំនិតបក្ស សន្តានចិត្តប្រជាជន ក្នុងគោលបំណងពង្រីកកម្លាំងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូលខ្ពស់បំផុតក្នុងបុព្វហេតុពង្រឹងការពារជាតិ ការពារមាតុភូមិនិងក្លាយទៅជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជាតិ វៀតណាម។
៨០ ឆ្នាំកន្លងទៅ កងទ័ពប្រជាជន វៀតណាម តែងតែស្មោះត្រង់នឹងបក្សជាដាច់ខាត អស់ពីចិត្តពីថ្លើមបម្រើកិច្ចការមាតុភូមិ បម្រើប្រជាជន ប្រកាន់ខ្ជាប់គោលដៅ ឧត្តមគតិប្រយុទ្ធដើម្បីឯករាជ្យជាតិនិងសង្គមនិយម តែងតែដើរតួនាទីស្នូលក្នុងការកសាងខឿនប្រជាជនទាំងមូលការពារជាតិដ៏រឹងមាំ ជាកងទ័ពបដិវត្តន៍ "របស់ប្រជាជន អាស្រ័យប្រជាជន ដើម្បីប្រជាជន" ពិតប្រាកដ ពូនជ្រំជាប្រពៃណី "ស្មោះត្រង់ចំពោះបក្ស កតញ្ញូចំពោះប្រជាជន ត្រៀមប្រយុទ្ធជានិច្ចលះបង់ជីវិតដើម្បីឯករាជ្យ សេរីភាពនៃមាតុភូមិ ដើម្បីសង្គមនិយម។ ភារកិច្ចណាក៏សម្រេចជាស្ថាពរ ការលំបាកលំបិនណាក៏ឆ្លងកាត់បាន សត្រូវ ណាក៏វាយឈ្នះ" ដូចពាក្យសរសើររបស់លោកប្រធាន ហូ ជីមិញ សក្តិសមជាកងទ័ពវីរភាពរបស់ប្រជាជាតិ វៀតណាម ក្លាហាន។
មិនត្រឹមតែរួមចំណែកថែរក្សាខឿនឯករាជ្យ សេរីភាពរបស់ជាតិដ៏រឹងមាំប៉ុណ្ណោះទេ កងទ័ពប្រជាជន វៀតណាម ថែមទាំងសហការយ៉ាងស្អិតល្មួតជាមួយនឹងគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋានចូលរួមចលនាតបស្នងសងគុណ លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ កសាងជនបទថ្មី កសាងភូមិសាស្រ្តសុវត្ថិភាព កសាងប្រព័ន្ធនយោបាយ និងជីវភាពវប្បធម៌មូលដ្ឋាន ជាពិសេសគឺនៅតាមភូមិសាស្រ្តគោលដៅសំខាន់ តំបន់ចុងកាត់មាត់ញក តំបន់ឆ្ងាយដាច់ស្រយាល តំបន់បងប្អូនជនជាតិភាគតិច និងព្រំដែនកោះ សមុទ្រទៀតផង។
កងទ័ពប្រជាជន វៀតណាម តែងតែជាកងកម្លាំងនាំមុខក្នុងការងារបង្ការ ទប់ស្កាត់គ្រោះធម្មជាតិ ស្វែងរក ប្រតិបត្តិការជួយសង្គ្រោះទូកកប៉ាល់ សង្គ្រោះជនរងគ្រោះ ដោះស្រាយផលវិបាកសង្គ្រាម អនុវត្តគោលនយោបាយសមរភូមិក្រោយយោធា ចូលរួមក្នុងសកម្មភាពអន្តរជាតិទាំងឡាយដើម្បីសន្តិភាព។
ក្រោមការដឹកនាំរបស់បក្ស កងទ័ពប្រជាជន វៀតណាម នឹងបន្តពង្រីក លក្ខណៈសម្បត្តិ "កងទ័ពអ៊ំ ហូ" ផ្សារភ្ជាប់សាច់ឈាម ជាមួយប្រជាជន ចូលរួមអភិវឌ្ឍសេដ្ឋកិច្ច - សង្គមយ៉ាងសកម្ម រួមចំណែកកសាង "ខ្សែការពារដោយទឹកចិត្តប្រជាជន"។ មោទកភាពពីប្រពៃណីដ៏មានតម្លៃ ត្រចះត្រចង់ កងទ័ពប្រជាជន វៀតណាម កំពុងកសាងតាមទិសដៅបដិវត្តន៍ ក្នុងក្របខណ្ឌ ស្រួច ទំនើបពីមួយជំហានទៅមួយជំហាន អាទិភាពទំនើបភាវូបនីយកម្មប្រភេទទ័ព អង្គភាពទ័ព កងកម្លាំងមួយចំនួនដើម្បីសម្រេចជោគជ័យភារកិច្ចក្នុងស្ថានភាពថ្មី។
ដោយមោទកភាពនិងទំនុកចិត្តដ៏មុតមាំនោះ យើងជឿទុកចិត្តថាកងទ័ពប្រជាជន វៀតណាម នឹងអភិវឌ្ឍឥតឈប់ឈរលើគ្រប់ផ្នែក បង្កើតបានជាអព្ភូតហេតុយ៉ាងអស្ចារ្យថ្មីៗ មិនត្រឹមតែអនុវត្តបេសកកម្មការពារមាតុភូមិយ៉ាងល្អប្រសើរប៉ុណ្ណោះទេ ថែមទាំងជាកងកម្លាំងដឹកនាំ រួមដំណើរជាមួយប្រទេសជាតិនៅលើមាគ៌ានៃការអភិវឌ្ឍនិងសមាហរណកម្ម រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាពនៃតំបន់និងពិភពលោក៕
អត្ថបទ៖ ឡុងង្វៀន
រូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ ចន្ថា