ចាប់កំណើតនិងធំដឹងក្តីក្នុងគ្រួសារក្រីក្រមួយនៅឃុំ ម៉ានថឹន បង យ៉ាងសែវចូវ (កើតឆ្នាំ ១៩៨៦) មានគំនិតគិតតាំងពីកុមាភាពថា ត្រូវតែរៀនសូត្រឱ្យបានល្អសម្រាប់អនាគតកាលមួយដែលមិនត្រដាបត្រដួសដូចឪពុកម្តាយ ហើយអាចរួមវិភាគទានកម្លាំងពលំរបស់ខ្លួនជួយស្រុកកំណើតទៀតផង។
រៀនបញ្ចប់កម្រិតចំណេះទូទៅ បងបានប្រឡងជាប់ចូលរៀននៅ មហាវិទ្យាល័យកសិកម្ម ហាណូយ (បច្ចុប្បន្នជាវិទ្យាស្ថានកសិកម្ម វៀត ណាម) បន្ទាប់ទៀតបានបន្តរៀនកម្មវិធីបរិញ្ញាជាន់ខ្ពស់ហើយបានក្លាយជាអនុបណ្ឌិតជាជនជាតិ ម៉ុង ដំបូងគេបង្អស់របស់ស្រុក ស៊ីម៉ាកាយ (ខេត្ត ឡាវកាយ) ។
ឆ្នាំ ២០១២ បង យ៉ាងសែវចូវ បានចាត់ឱ្យមកធ្វើជាអនុប្រធានគណៈ កម្មាធិការប្រជាជនឃុំ ម៉ានថឹន។ ចាប់តាំងពីពេលនេះមក ជនជាតិ ម៉ុង នៅទីនេះដឹងស្គាល់ជាបណ្តើរៗ ជាមួយរូបភាពកម្មាភិបាលវ័យក្មេងម្នាក់ដែលតែងតែ
អស់ពីចិត្តពីថ្លើមគិតគូរដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិ។ បងបានធ្វើសេនាធិការជូនគណៈកម្មាធិការបក្ស អាជ្ញាធរយកចិត្តទុកដាក់អភិវឌ្ឍសេដ្ឋកិច្ចដោយផ្តោតទៅលើការនាំពូជថ្មីផ្តល់ទិន្នផលខ្ពស់ចូលក្នុងការបង្កបង្កើនផលជំរុញខ្លាំងក្លាការចិញ្ចឹមសត្វពាហនៈ ដាំបន្លែបង្ការខុសរដូវ ដំណើរការអនុវត្តល្អនូវកម្មវិធីកសាងជនបទថ្មី… ។
ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ខ្លូនបង យ៉ាងសែវចូវ បានរួមចំណែកជួយអោយឃុំ ម៉ានថឹន ក្លាយទៅជាឃុំដំបូងគេបង្អស់នៅស្រុក ស៊ីម៉ាកាយ សម្រេចស្តង់ដារជនបទថ្មី។ បងមានកិត្តិយសត្រូវបាននាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាលជូនប័ណ្ណសរសើរ ហើយជាវង់ភ័ក្ត្រវ័យក្មេងមួយរូបក្នុងចំណោមវង់ភ័ក្ត្រវ័យក្មេង វៀតណាម គំរូៗ ទាំង ១០ រូបឆ្នាំ ២០១៦ ដែលជ្រើសតាំងដោយមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនិស្ត ហូជីមិញ។
នៅក្នុងមហាសន្និបាតទេពកោសល្យវ័យក្មេង វៀតណាម លើកទី ៣ ដែលបានរៀបចំឡើងនៅទីក្រុង ហា ណូយ កាលពីខែ ធ្នូ ឆ្នាំ ២០២០ កន្លងទៅបងបន្តត្រូវបានលើកសរសើរជាទេពកោសល្យវ័យក្មេងគំរូៗ។ បច្ចុប្បន្ន យ៉ាងសែវចូវ ជាលេខាគណៈកម្មាធិការបក្សនៃឃុំ ក្វានហូថឹន ស្រុក ស៊ីម៉ាកាយ៕
អត្ថបទនិងរូបថត៖ ហុងនិញ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែឧសភាដោយ៖ សិរីសួស្តី