ក្នុងប៉ុន្មានឆ្នាំថ្មីៗ កន្លងទៅ ខេត្ត សឺនឡា បានគួបបញ្ចូលប្រភពធនធានពីកម្មវិធី គម្រោងជាច្រើន ផ្ដោតការវិនិយោគទៅលើការលុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោម សម្រាប់អ្នកក្រីក្រនៅតំបន់ខ្ពស់ជាប់ព្រំដែន តំបន់បងប្អូនជនជាតិភាគតិច។
រហូតមកទល់ពេលបច្ចុប្បន្ននេះ ខេត្ត សឺនឡា បានប្រគល់ជូនផ្ទះអោយក្រុមគ្រួសារក្រីក្រផ្សេងៗ នៅស្រុក វ៉ឹនហូ ចំនួន ១.២២៩ ខ្នង ដោយមានតម្លៃជិត ៥០ ពាន់លានដុង ហើយជារៀងរាល់ឆ្នាំ លុបបំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះធ្លុះធ្លាយទ្រុឌទ្រោមពី ១៥ ដល់ ២០ ខ្នង សម្រាប់ក្រុមគ្រួសារក្រីក្រផ្សេងៗ នៅស្រុក សូបកូប ដោយមានតម្លៃពី ៣៥០ ដល់ ៤០០ លានដុង។
ក្នុងសេចក្តីសុខសប្បាយដែលបានស្នាក់នៅក្នុងលំនៅឋានថ្មីដ៏ធំទូលាយនោះ អ្នកស្រី យ៉ាង ធីសួ ជនជាតិ ម៉ុង នៅភូមិ ប៉ាកូប ឃុំ វ៉ឹនហូ (ស្រុក វ៉ឹនហូ) បានចែករំលែកថា៖ "ផ្ទះមួយខ្នងគឺជាក្តីស្រមៃជាយូរយារមកហើយសម្រាប់ក្រុមគ្រួសារខ្ញុំ។ នេះជាកម្លាំងចលករជួយអោយគ្រួសារខ្ញុំសកម្មថែមទៀតក្នុងការបង្កបង្កើនផល ឈានឡើងក្នុងដំណើរជីវិត"។
ដោយបានធានាផ្ទៃដីប្រើប្រាស់តាមស្តង់ដារ "៣ រឹង" (ស៊ុម - ជញ្ជាំងរឹង គ្រឹះរឹង និងដំបូលរឹង) សមស្របជាមួយនឹងលក្ខខណ្ឌធម្មជាតិតម្រូវការប្រើប្រាស់ និងទំនៀមទម្លាប់របស់បងប្អូនជនជាតិភាគតិច ជម្រកដ៏សែនកក់ក្តៅដែលពោរពេញទៅដោយក្តីស្រឡាញ់សម្រាប់ក្រុមគ្រួសារក្រីក្រ ទាំងនោះ មិនត្រឹមតែជួយអោយពួកគាត់ស្ងប់ចិត្តប្រកបការងារបង្កបង្កើនផលប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ធានាការការពារជាតិ - សន្តិសុខនៅលើភូមិសាស្រ្តខេត្ត សឺនឡា ក៏ដូចជានៅតំបន់ព្រំដែន ភាគពាយព្យនៃមាតុភូមិទៀតផង៕
អត្ថបទ៖ ង្វៀនគឿង
រូបថត៖ ក្វាងក្វៀត - ង្វៀនគឿង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២១ ដោយ៖ សិរីសួស្តី