រហូតមកទល់ពេលនេះ ខេត្ត ដាក់ឡាក់ មានជិត ២០០ ស្ថាប័ន អង្គភាព សហគ្រាសលំដាប់ថ្នាក់ខេត្តចងសម្ពន្ធមេត្រីភាពនឹងបណ្តាភូមិបងប្អូនជនជាតិភាគតិច។ ក្រៅពីនេះ នៅលើភូមិសាស្រ្តខេត្តនៅមានគំរូចងសម្ពន្ធមេត្រីភាពគ្នាជាច្រើន ក្នុងនោះមានចំនួន ១.១៨២ គណៈកម្មាធិការកិច្ចការរណសិរ្ស សមាគម អង្គការមហាជនជនជាតិ គិញ ចងសម្ពន្ធមេត្រីភាពនឹងគណៈកម្មាធិការកិច្ចការរណសិរ្ស បណ្តាអង្គការមហាជនជនជាតិភាគតិចចំនួន ៨៣៥ ក្រុមគ្រួសារជនជាតិ គិញ ចំនួន ១.៣២៣ ចងសម្ពន្ធមេត្រីភាពនឹងក្រុមគ្រួសារជនជាតិភាគតិច។ល។
ទន្ទឹមនឹងការពង្រឹងប្រព័ន្ធនយោបាយ មូលដ្ឋាន អង្គភាពចងសម្ពន្ធមេត្រីភាពនៅផ្តោតសំខាន់និងលើកកម្ពស់ការងារ ជួយជ្រោមជ្រែងបងប្អូនជនជាតិនៅភូមិចងសម្ពន្ធមេត្រីភាពទៀតផង រៀបចំដាក់ដំណើរការគំរូសេដ្ឋកិច្ចក្រុមគ្រួសារជាច្រើន ដើម្បីលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រដូចជា៖ ឧបត្ថម្ភកូនឈើពូជ កូនពូជ ជី ណែនាំធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹម បច្ចេកទេសដាំដុះជាដើម ឧបត្ថម្ភកសាងទារកដ្ឋាន បន្ទប់រៀន អគារវប្បធម៌សហគមន៍ជូនភូមិ ធ្វើផ្ទះមេត្តាធម៌ ផ្ទះមហាសាមគ្គីជូនក្រុមគ្រួសារគោលនយោបាយ ក្រុមគ្រួសារក្រីក្រ លំបាកលំបិន។ល។
អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ដាក់ឡាក់ លោក ផាម មិញតឹន បានឲ្យដឹងថា គណៈកម្មាធិការបក្សខេត្តនឹងជំរុញយ៉ាងខ្លាំងក្លាការអនុវត្តការងារចងសម្ពន្ធមេត្រីភាពនឹងបណ្តាភូមិបងប្អូនជនជាតិភាគតិចក្នុងរយៈពេលខាងមុខក្នុងគោលបំណងរួមចំណែកលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ ពង្រឹងធ្លុងមហាសាមគ្គីជនជាតិ ប្រឹងប្រែងកសាង ខេត្ត ដាក់ឡាក់ កាន់តែសម្បូររុងរឿង - ស៊ីវិល័យ - អត្តសញ្ញាណពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទនិងរូបថត៖ ហ្វាយធូ
បញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់