ក្នុងសារលិខិត នាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា៖ បុណ្យចូលឆ្នាំថ្មីប្រពៃណី គឺជាលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនជាតិ ខ្មែរ ជាពិធីបុណ្យដ៏ធំបំផុតប្រចាំឆ្នាំ មានអត្ថន័យសំខាន់ពិសេស ចាប់ផ្តើមឆ្នាំថ្មីដោយមានភាពជឿជាក់ បំណងប្រាថ្នាយ៉ាងប្ដូរផ្ដាច់ បួងសួងជូនពរឱ្យជីវិតមានភាពល្អប្រសើរ ត្រជាក់ត្រជុំបរិបូរ សុភមង្គល ក៏ជាឱកាសបង្ហាញអោយឃើញទឹកចិត្តកតញ្ញូ គោរពដោយស្មោះចំពោះបុព្វការីជន។ ក្នុងឱកាសនេះ តាងនាមថ្នាក់ដឹកនាំបក្សនិងរដ្ឋ នាយករដ្ឋមន្ត្រីផ្ញើប្រគេនជូនដល់បងប្អូនជនជាតិ សមមិត្តនិងព្រះសង្ឃជនជាតិ ខ្មែរ នូវមនោសញ្ចេតនាដ៏ជិតស្និទ្ធប្រកបដោយភាតរភាព សេចក្តីសួរសុខទុក្ខយ៉ាងដិតដល់និងសេចក្តីអបអរសាទរដ៏ល្អប្រពៃបំផុត ។
ដោយមានមនុស្សជាង ១,៣ លាននាក់ បងប្អូនជនជាតិ ខ្មែរ គឺជាផ្នែកមួយមិនអាចផ្តាច់ចេញពីសហគមន៍បណ្តាជនជាតិ វៀតណាម មានតួនាទីសំខាន់ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។ ក្នុងអំឡុងពេលកន្លងទៅ បងប្អូនជនជាតិ ខ្មែរ បានជឿទុកចិត្តនិងគោរពរាល់គោលការណ៍របស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋយ៉ាងម៉ឹងម៉ាត់ជានិច្ច រួមកម្លាំង រួមចិត្តគំនិតគ្នាជាមួយប្រជាជនទូទាំងប្រទេសរួមចំណែកយ៉ាងសកម្មចូលទៅក្នុងសមិទ្ធិផល លទ្ធផលដ៏ធំធេង គ្រប់ជ្រុងជ្រោយរបស់ប្រទេសជាតិនៅគ្រប់ផ្នែក តំបន់បងប្អូនជនជាតិ ខ្មែរ មានជំហានអភិវឌ្ឍថ្មី ជីវភាពរស់នៅទាំងសម្ភារៈទាំងស្មារតីរបស់ប្រជាជនបន្តត្រូវបានលើកកម្ពស់។
នាយករដ្ឋមន្ត្រីបញ្ជាក់ច្បាស់ថា៖ ការងារជនជាតិ សាសនាគឺជាបញ្ហាយុទ្ធសាស្ត្រ តែងតែត្រូវបានបក្ស រដ្ឋយើងយកចិត្តទុកដាក់បង្គាប់ការយ៉ាងដិតដល់ ការអនុវត្តបានល្អគោលនយោបាយជនជាតិ សាសនាត្រូវបានចាត់ទុកថាជាភារកិច្ចនយោបាយ ឯកទេសដ៏សំខាន់របស់គណៈកម្មាធិការបក្ស អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងគោលបំណងពង្រឹងធ្លុងមហាសាមគ្គីប្រជាជាតិទាំងមូល បង្កើនការពង្រីកតម្លៃវិជ្ជមាន លក្ខណៈមនុស្សសាស្រ្តរបស់បងប្អូនបណ្តាជនជាតិ។ ចាប់ពីឆ្នាំ ២០១៨ រហូតមកដល់ពេលនេះ ការងារជនជាតិត្រូវបានផ្តោតសំខាន់ជំរុញយ៉ាងខ្លាំងក្លាការរៀបចំដាក់ដំណើរការដោយមានគោលការណ៍ គោលនយោបាយដ៏ធំជាច្រើន ក្នុងនោះមានសេចក្តីសន្និដ្ឋានលេខ 65-KL/TW ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៩ របស់ការិយាល័យនយោបាយស្តីពីការបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ 24-NQ/TW នៃគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ៩ ស្តីពីការងារជនជាតិក្នុងស្ថានការណ៍ថ្មី សេចក្តីសម្រេចចិត្តទាំងឡាយរបស់រដ្ឋសភា រដ្ឋាភិបាល សេចក្តីសម្រេចរបស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលស្តីពីយុទ្ធសាស្ត្រការងារជនជាតិដំណាក់កាល ២០២១ - ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ កម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាល ២០២១ - ២០៣០។ ជាពិសេស គណៈលេខាបក្សបានចេញសារាចរដាច់ដោយឡែកលេខ ១៩-CT/TW ចុះថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០១៨ ដើម្បីបង្កើនការបង្គាប់ការងារនៅតំបន់បងប្អូនជនជាតិ ខ្មែរ ក្នុងស្ថានការណ៍ថ្មី បង្ហាញពីការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់បក្ស រដ្ឋដល់បងប្អូនជនជាតិភាគតិចនិយាយរួមនិងបងប្អូនជនជាតិ ខ្មែរ និយាយដោយឡែក។
ដើម្បីបន្តអនុវត្តល្អនូវគោលនយោបាយជនជាតិ សាសនាផ្សារភ្ជាប់ទៅនឹងគោលនយោបាយ សុខុមាលភាពសង្គម នាពេលខាងមុខ គ្រប់ថ្នាក់ ផ្នែកនិងមូលដ្ឋានកន្លែងមានបងប្អូនជនជាតិ ខ្មែរ រស់នៅត្រៀមលក្ខណៈជាមុន រវៀសរវៃ ផ្តោតលើការអនុវត្តដំណោះស្រាយទាំងឡាយជួយឧបត្ថម្ភលើកកម្ពស់ការរកស៊ីចិញ្ចឹមជីវិត កែលម្អជីវភាពរស់នៅសម្ភារៈនិងស្មារតីរបស់ប្រជាជនធានាសមស្របតាមស្ថានភាពជាក់ស្តែង ផ្តោតសំខាន់ការយកចិត្តទុកដាក់ចំពោះមុខសញ្ញាគោលនយោបាយទាំងឡាយ អ្នកមានគុណបំណាច និងសាច់ញាតិរបស់អ្នកមានគុណបំណាចជាមួយបដិវត្តន៍ ក្រុមគ្រួសារក្រីក្រ គ្រួសារមានស្ថានភាពលំបាកលំបិនខ្លាំង។ ពង្រីកតួនាទីរបស់ បញ្ញវន្ត អ្នកមានកិត្យានុភាព សមណស័ក្ដិក្នុងបងប្អូនជនជាតិ ខ្មែរ។
ឆ្នាំ ២០២៤ គឺជាឆ្នាំរៀបចំមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចថ្នាក់ស្រុក ខេត្តលើកទី ៤ ព្រឹត្តិការណ៍នយោបាយមានអត្ថន័យសំខាន់ដើម្បីបូកសរុប វាយតម្លៃអំពីការងារជនជាតិ និងការអនុវត្តគោលនយោបាយជនជាតិកំណត់រយៈពេល ១០ ឆ្នាំ អះអាងនូវគោលការណ៍មាគ៌ារបស់បក្ស និងរដ្ឋរបស់យើងអំពីបញ្ហាជនជាតិ និងមហាសាមគ្គីជនជាតិ ក៏ដូចជាការរួមចំណែករបស់បងប្អូនបណ្តាជនជាតិភាគតិចក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ បង្កកម្លាំងចលករគ្រប់ជ្រុងជ្រោយក្នុងការអភិវឌ្ឍតំបន់ជនជាតិភាគតិច ក្នុងនោះមានទាំងតំបន់ជនជាតិ ខ្មែរ ធានានូវវឌ្ឍនភាព យុត្តិធម៌សង្គម និងការអភិវឌ្ឍប្រកបដោយចីរភាពរបស់ប្រទេស។
ជាមួយនឹងអត្ថន័យនោះ នាយករដ្ឋមន្ត្រីជឿជាក់ថា បុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៤ នឹងនាំមកនូវទំនុកចិត្ត និងក្តីសង្ឃឹម បង្កើតបរិយាកាសដ៏រំភើប និងការលើកទឹកចិត្តថ្មី ជឿជាក់ថាបងប្អូនជនជាតិ សមមិត្ត និងព្រះសង្ឃខ្មែរគ្រប់ព្រះអង្គនឹងបន្តពង្រីកស្មារតីស្នេហាជាតិ ប្រពៃណីសាមគ្គីភាពនិងបណ្តាគុណតម្លៃល្អ មានឆន្ទៈខ្លួនទីពឹងខ្លួន លើកតម្កើងសេចក្តីថ្លៃថ្នូរ បញ្ញា និងបញ្ចេញនូវគំនិតច្នៃប្រឌិតរបស់បុគ្គលម្នាក់ៗ ដើម្បីរួមកម្លាំងកាយចិត្តជាមួយបងប្អូនបណ្តាជនជាតិកសាងស្រុកកំណើត ប្រទេសជាតិកាន់តែសម្បូរសប្បាយ ស៊ីវិល័យ។
លោកនាយករដ្ឋមន្ត្រីស្នើដល់គ្រប់លំដាប់ថ្នាក់ ផ្នែក មូលដ្ឋានត្រៀមរៀបចំលក្ខខណ្ឌល្អៗជូនបងប្អូនជនជាតិខ្មែរ ទទួលស្វាគមន៍បុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៤ ប្រកបដោយសាមគ្គី សប្បាយរីករាយ សុខភាព សុវត្ថិភាព សន្សំសំចៃ ស្របតាមរបៀបរស់នៅស៊ីវិល័យ ទំនៀមទម្លាប់ ប្រពៃណីវប្បធម៌ដ៏ល្អប្រពៃនៃជនជាតិ៕
ផានភឿង/ ទីភ្នាក់ងារពត៌មានវៀតណាម
ប្រែសម្រួលដោយ៖ យ័ញលើយ - សឺនហេង