យានអវកាសរបស់ អង្គការណាសា បាន “ប៉ះ” ព្រះអាទិត្យជាផ្លូវការ ដោយបានទម្លាក់ខ្លួនចូលទៅក្នុងបរិយាកាសរបស់ព្រះអាទិត្យ ដែលមិនទាន់មានប្រទេសណារុករកនៅឡើយដែលគេស្គាល់ថា កូរ៉ូណា។
កាលពីថ្ងៃទី ១៤ ខែ ធ្នូ ក្រុមអ្នកវិទ្យាសាស្ត្របានប្រកាសព័ត៌មានក្នុងកិច្ចប្រជុំនៃសហភាពភូគព្ភសាស្ត្រ អាម៉េរិក។
យាន Parker បានហោះទម្លុះចូលនិងចេញពីផ្ទៃព្រះអាទិត្យទៅវិញទៅមកបីដងអំឡុងខែ មេសា
កាលពីខែ មេសា យាន Parker Solar Probe ពិតជាបានហោះឆ្លងកាត់ផ្ទៃកូរ៉ូណា អំឡុងពេលយានអវកាសខិតជិតព្រះអាទិត្យនៅដំណាក់កាលទីប្រាំបី។
អ្នកវិទ្យាសាស្ត្របាននិយាយថា វាត្រូវចំណាយពេលពីរបីខែទៀតដើម្បីទទួលបានទិន្នន័យមកវិញ ហើយបន្ទាប់មកត្រូវចំណាយច្រើនខែទៀតដើម្បីបញ្ជាក់ទិន្នន័យនោះ។
បាញ់បង្ហោះនៅឆ្នាំ ២០១៨ យាន Parker បានស្ថិតនៅចម្ងាយ ១៣ លានគីឡូម៉ែត្រពីចំណុចកណ្តាលនៃព្រះអាទិត្យ នៅពេលដែលយានបានឆ្លងកាត់ព្រំដែនរវាងបរិយាកាសព្រះអាទិត្យនិងខ្យល់ព្រះអាទិត្យជាលើកដំបូង។
យោងតាមក្រុមអ្នកវិទ្យាសាស្ត្របានឱ្យដឹងថា យានអវកាសបានទម្លាក់ខ្លួនចូលនិងចេញពីផ្ទៃកូរ៉ូណាយ៉ាងហោចណាស់បីលើក ដែលលើកនីមួយៗ គឺមានភាពរលូនដូចគ្នា។
លោក ចាស្ទីន កាស្ពើ នៃសាកលវិទ្យាល័យ មីស៊ីហ្គែន បានប្រាប់អ្នកយកព័ត៌មានថា “ពេលវេលាដំបូងនិងគួរឱ្យភ្ញាក់ផ្អើលបំផុតគឺពេលយើងនៅក្រោមបរិយាកាសព្រះអាទិត្យប្រហែល ៥ ម៉ោង…។ ឥឡូវនេះ អ្នកប្រហែលជាគិតថា ៥ ម៉ោងមិនច្រើនទេ”។
ប៉ុន្តែលោកបានកត់សម្គាល់ថា យាន Parker បានធ្វើបំលាស់ទីលឿនខ្លាំងណាស់ដោយគ្របដណ្តប់លើរយៈចម្ងាយដ៏ច្រើនសម្បើមក្នុងអំឡុងពេលនោះដោយធ្វើដំណើរក្នុងល្បឿន ១០០ គីឡូម៉ែត្រក្នុងមួយវិនាទី។
យោងតាមលោក រ៉ៅអូហ្វ៊ី បានឱ្យដឹងថា ផ្ទៃកូរ៉ូណាហាក់ដូចជាមានធូលីខ្លាំងជាងការរំពឹងទុក។
លោកបាននិយាយថា ដំណើរឆ្លងកាត់ផ្ទៃកូរ៉ូណានាពេលអនាគត នឹងជួយឱ្យអ្នកវិទ្យាសាស្ត្រស្វែងយល់កាន់តែច្បាស់ពីប្រភពដើមនៃខ្យល់ព្រះអាទិត្យ និងរបៀបដែលវាមានកម្តៅនិងពន្លឿនខ្យល់ក្តៅនោះចេញទៅទីអវកាស។
ដោយសារតែព្រះអាទិត្យខ្វះផ្ទៃរឹង កូរ៉ូណាគឺជាកន្លែងដែលសកម្មភាពកម្តៅត្រូវបានបញ្ចេញ ដូច្នេះការរុករកតំបន់មានដែនម៉ាញេទិកខ្លាំងមួយនេះយ៉ាងកៀកបែបនេះ អាចជួយឱ្យអ្នកវិទ្យាសាស្ត្រស្វែងយល់កាន់តែច្បាស់ពីការផ្ទុះកម្តៅព្រះអាទិត្យដែលអាចរំខានដល់ជីវិតនៅលើផែនដី៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី