ដើម្បីលើកបង្កើនប្រសិទ្ធភាព ពាំនាំសេដ្ឋកិច្ចសមូហភាពអោយក្លាយទៅជាសមាសភាពសេដ្ឋកិច្ចដ៏មានសារៈសំខាន់យ៉ាងពិតប្រាកដ រួមវិភាគទានគួរអោយកត់សម្គាល់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម ខេត្ត និញធន់ បានដាក់ចេញដំណោះស្រាយជាច្រើន ខិតខំប្រឹងប្រែងសម្រេចគោលដៅដល់ឆ្នាំ ២០២៥ នឹងអភិវឌ្ឍក្រុមសហការចំនួនពី ១០០ ដល់ ១២០ សហករណ៍ចំនួនពី ៥០ ដល់ ៦០ បន្ថែមទៀត អត្រានៃសហករណ៍សម្រេចបានល្អបង្គួរឡើងទៅ ស្មើនឹង ៥០ ភាគរយ ពាំនាំឲ្យវិស័យសេដ្ឋកិច្ចសមូហភាពស្មើនឹងចំនួនពី ១០ ដល់ ១១ ភាគរយនៃ GRDP របស់ខេត្ត។ល។
យោងតាមតួលេខរបស់សហព័ន្ធសហករណ៍ខេត្ត និញធន់ នាពេលបច្ចុប្បន្ននេះ នៅលើភូមិសាស្រ្តខេត្តមានសហករណ៍ជាង ៩០ ភាគច្រើន ប្រតិបត្តិការក្នុងវិស័យកសិកម្មដោយមានសហករណ៍ចំនួន ៧១ ស្មើនឹង ៧៦,៣ ភាគរយ វិស័យផលិតកម្មហត្ថកម្មខ្នាតតូចដោយមានសហករណ៍ចំនួន ៧ ស្មើនឹង ៧,៥ ភាគរយ វិស័យធ្វើអាជីវកម្មសេវាកម្មចម្រុះមានសហករណ៍ចំនួន ៧ ស្មើនឹង ៧,៥ ភាគរយ វិស័យដឹកជញ្ជូនមានសហករណ៍ចំនួន ៥ ស្មើនឹង ៥,៤ ភាគរយ និងមូលនិធិឥណទានប្រជាជនកំពុងដំណើរការចំនួន ៣ ស្មើនឹង ៣,២ ភាគរយ។
ទោះបីនៅតែប្រឈមមុខជាមួយនឹងការលំបាកលំបិន បញ្ហាប្រឈមជាច្រើនក៏ដោយជាពិសេស គឺការជះឥទ្ធិពលដ៏ធ្ងន់ធ្ងរនៃជំងឺរាតត្បាតសកល កូវីដ - ១៩ ក៏ប៉ុន្តែ សកម្មភាពសេដ្ឋកិច្ចសមូហភាពនៃខេត្ត និញធន់ ក្នុងឆ្នាំ ២០២១ បានបន្តរក្សាស្ថិរភាព ហើយមានជំហានអភិវឌ្ឍទ្រង់ទ្រាយផលិតកម្មត្រូវបានបើកទូលាយ។ គំរូសហករណ៍បែបថ្មីមួយចំនួនដែលដំណើរការដោយមានប្រសិទ្ធភាពត្រូវបានពង្រីកទូលំទូលាយ ការចងសម្ពន្ធគ្នារវាងសហករណ៍ទាំងឡាយជាមួយអង្គការសេដ្ឋកិច្ចផ្សេងៗ ទៀតមានការអភិវឌ្ឍជាជំហានដំបូងហើយ។
ក្នុងឆ្នាំ ២០២១ ខេត្ត និញធន់ មានសហករណ៍បង្កើតថ្មីចំនួន ៦។ សហករណ៍ទាំងឡាយបានអនុវត្តបច្ចេកវិទ្យាក្នុងការផលិតកម្មតាមគំរូវាលស្រែទ្រង់ ទ្រាយធំគំរូស្រោចស្រពទឹកសន្សំសំចៃ គំរូដាំបន្លែ ត្រសក់ផ្អែមក្នុងផ្ទះសំណាញ់។ល។ ពាំនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។ មានសហករណ៍រាប់សិបកន្លែងបានកកើតគំរូចងសម្ពន្ធគ្នាក្នុងផលិតកម្មតាមខ្សែចង្វាក់តម្លៃកសិកម្ម រួមចំណែកលើកបង្កើនប្រាក់ចំណូលជូនគ្រួសារជាសមាជិកដែលបានចូលរួម។
ដល់ពាក់កណ្តាលខែ ធ្នូ ឆ្នាំ ២០២១ ផលចំណូលជាមធ្យមរបស់បណ្តាសហករណ៍ដែលកំពុងដំណើរការនៅលើភូមិសាស្ត្រខេត្ត និញធន់ សម្រេចបានចំនួន ២,២៥ ពាន់លានដុងក្នុងសហករណ៍មួយក្នុងចំណោមនោះ ប្រាក់ចំណូលប៉ាន់ប្រមាណជាមធ្យមក្នុងសហករណ៍មួយសម្រេចបានចំនួន ២២០ លានដុងក្នុងមួយឆ្នាំ ប្រាក់ចំណូលប៉ាន់ប្រមាណជាមធ្យមរបស់ពលករដែលធ្វើការជាប្រចាំក្នុងសហករណ៍ សម្រេចបានចំនួន ៤០ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំ។ ចំនួនក្រុមសហការកំពុងដំណើរការ សរុបគឺ ៩៩០ ក្រុម ផលចំណូលប៉ាន់ប្រមាណជាមធ្យមសម្រេចបានចំនួន ២៣០ លានដុងក្នុងមួយឆ្នាំ ប្រាក់ចំណេញប៉ាន់ប្រមាណជាមធ្យមសម្រេចបានចំនួន ៥៨ លានដុងក្នុងមួយឆ្នាំ។
លោក ឡេ ហ្វៀន អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និញធន់ បានឱ្យដឹងថា៖ ក្នុងប៉ុន្មានឆ្នាំថ្មីៗ កន្លងទៅនេះ ខេត្ត និញធន់ បានចេញបញ្ជាចង្អុលបង្ហាញនិងណែនាំអោយរៀបចំដាក់ដំណើរការអនុវត្តភារកិច្ច ដំណោះស្រាយទាំងឡាយដោយ ព្រមៗ គ្នាជាបង្គួរអំពីការបន្តធ្វើនវានុវត្តន៍ អភិវឌ្ឍសេដ្ឋកិច្ចសមូហភាពសហករណ៍តាមច្បាប់ស្តីពីសហករណ៍ យោងតាមសារាចរ លេខ 12/CT-TTg ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៨ របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចេញលិខិតសម្រាប់ដឹកនាំ ចង្អុលបង្ហាញ និងណែនាំអោយបង្កើនពង្រឹងការងារអភិវឌ្ឍសេដ្ឋកិច្ចសមូហភាពនៅលើភូមិសាស្រ្តខេត្ត។
នាពេលខាងមុខនេះ ខេត្តនឹងផ្តោតការយកចិត្តទុកដាក់ទៅលើការរៀបចំដាក់ដំណើរការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបណ្តាគោលនយោបាយរបស់មជ្ឈិម មូលដ្ឋានក្នុងគោលបំណងជួយឧបត្ថម្ភឱ្យសហករណ៍ភ្ជាប់ខ្លួនជាមួយនឹងប្រភព ធនធានអំពីដីធ្លី ឥណទាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ បណ្តុះបណ្តាលធនធានមនុស្ស ផ្ទេរនិងណែនាំវិទ្យាសាស្ត្រ - បច្ចេកវិទ្យា ជំរុញពាណិជ្ជកម្ម កសាងពាណិជ្ជសញ្ញា ផ្សព្វផ្សាយផលិតផល... ជួយឱ្យសហករណ៍ទាំងឡាយត្រៀមលក្ខណៈជាមុន សម្រាប់ឈោងឈានឡើង ពង្រឹងអង្គការចាត់តាំង លើកបង្កើនសមត្ថភាពប្រតិបត្តិការដើម្បីដំណើរការដោយមានប្រសិទ្ធភាព៕
អត្ថបទ៖ កុងធឺ រូបថត៖ កុងធឺ - ង្វៀនថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖ អៀងថាន់