ក្នុងគោលបំណងឆ្ពោះទៅរកខឿនកសិកម្មអភិវឌ្ឍគ្រប់ជ្រុងជ្រោយ និរន្តរភាពនិងទំនើបមួយ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ខេត្ត ឡឹមដុង បានចូលចង្វាក់ក្នុងដំណើរការធ្វើបរិវត្តកម្មឌីជីថល បង្កើនល្បឿននៃការធ្វើអាជីវកម្មកសិកម្មឆ្លាតវៃ ជួយបង្កើនទិន្នផល គុណភាពនិងតម្លៃកសិផលជូនមាមីងបងប្អូនប្រជាកសិករ ។ល។
បង្កើនល្បឿននៃការធ្វើអាជីវកម្មកសិកម្មឆ្លាតវៃ
យោងតាមមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត ឡឹមដុង ផ្ទៃដីកសិកម្ម ប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ឆ្នាំ ២០២១ របស់ខេត្តសម្រេចបានចំនួន ៦៣.១០៨ ហិកតា (ស្មើនឹង ២១% នៃផ្ទៃដីដាំដុះសរុបនៃខេត្តទាំងមូលនិងកើនឡើងចំនួន ២.៨៨០ ហិកតាបើប្រៀបធៀបនឹងឆ្នាំ ២០២០) ផ្ទៃដីកសិកម្មឆ្លាតវៃសម្រេចបានប្រមាណ ៣៧៦,៦ ហិកតា ក្នុងចំណោមនោះ មានផ្ទៃដីចំនួន ១៧២ ហិកតា ដែលប្រើប្រាស់បច្ចេកវិទ្យា Hortimax នៃប្រទេស ហូឡង់។
ក្នុងឆ្នាំកន្លងទៅនេះ ផ្នែកកសិកម្មខេត្ត ឡឹមដុង សម្រេចបានល្បឿនកំណើន ៤,៨% (ត្រូវនឹងតម្លៃសរុបជិត ១៩.០០០ ពាន់លានដុង) តម្លៃផលិតកម្មជាមធ្យមសម្រេចបាន ២០១ លានដុងក្នុងមួយហិកតា (កើនឡើង ៥,៣% បើប្រៀបធៀបនឹងឆ្នាំ ២០២០)។
នាពេលបច្ចុប្បន្ននេះ ខេត្ត ឡឹមដុង គឺជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានទាំងឡាយដែលនាំមុខគេក្នុងទូទាំងប្រទេសអំពីការធ្វើបរិវត្តកម្ម ឌីជីថល បង្កើនល្បឿននៃការធ្វើអាជីវកម្មកសិកម្មឆ្លាតវៃ។
បច្ចុប្បន្ននេះ ទូទាំងខេត្តមានសហគ្រាសចំនួន ២៦ បានភ្ជាប់ខ្លួនជា មួយនឹងការប្រើប្រាស់បច្ចេកវិទ្យា IoT (ប្រើប្រាស់ប្រព័ន្ធចាប់សញ្ញាម៉ាស៊ីនថតរូបនិងឧបករណ៍ផ្សេងៗ ទៀត ជួយប្រជាកសិករទទួលបានព័ត៌មានត្រឹមត្រូវបំផុតក្នុងដំណើរការផលិតកម្មកសិកម្ម) បច្ចេកវិទ្យា GIS ឆ្លាតវៃសម្រាប់គ្រប់គ្រងនិងព្យាករណ៍ពីជំងឺដង្កូវ តាមដានបញ្ជាក់ប្រភពអេឡិចត្រូនិច បច្ចេកវិទ្យា LED ។ល។
មានសហគ្រាសចំនួន ១៣ ត្រូវបានទទួលស្គាល់ជា "សហគ្រាសកសិកម្មបច្ចេកវិទ្យាខ្ពស់" មានសហករណ៍ កសិដ្ឋាន ប្រើប្រាស់បច្ចេកវិទ្យា IoT ដាំដុះតាមបែបសរីរាង្គចំនួន ៩០ មានខ្សែចង្វាក់ចងសម្ព័ន្ធគ្នាចំនួន ១៨២ ដោយមានការចូលរួមរបស់សហគ្រាស សហករណ៍ចំនួន ២០១ ដោយមានប្រជាកសិករជិត ១៧.០០០ ក្រុមគ្រួសារ។
យោងតាមលោក ង្វៀន ផុងភូ ម្ចាស់កសិដ្ឋានមួយដែលមានទ្រង់ទ្រាយដាំដំណាំ ចិញ្ចឹមសត្វតាមបែបខ្សែចង្វាក់ពេញលេញទំហំ ៥ ហិកតានៅទីរួមស្រុក ថាញ់មី (ស្រុក ឌើន យឿង) អាស្រ័យដោយបានប្រើប្រាស់បច្ចេក វិទ្យា IoT ដើម្បីដំណើរការប្រព័ន្ធទឹកស្រោចស្រព ភ្លើងបំភ្លឺ ។ល។
លោកបានត្រៀមលក្ខណៈជាមុនទាំងពេលវេលា គោលការណ៍ថែទាំ ថែមទាំងបានសំចៃលើការជួលកម្លាំងពលកម្មនិងបង្កើនទិន្នផល គុណភាពផលិតផលទៀតផង។
អាស្រ័យដោយបានធ្វើអាជីវកម្មកសិកម្មឆ្លាតវៃ ផលិតផលកសិកម្មជាច្រើនរបស់ខេត្ត ឡឹមដុង ត្រូវបាននាំចេញ ក្នុងចំណោមនោះ មានទីផ្សារដ៏តឹងតែងផ្សេងៗ ដូចជា ជប៉ុន អឺរ៉ុប សហរដ្ឋអាម៉េរិក។
ការអភិវឌ្ឍកសិកម្មឆ្លាតវៃបានរួមចំណែកជួយអោយប្រាក់ចំណូលពីវិស័យផលិតកម្មកសិកម្ម បច្ចេកវិទ្យាខ្ពស់របស់ខេត្តសម្រេចបានជាមធ្យមចំនួន ៤៣០ លានដុងក្នុងមួយហិកតា ហើយមានកសិដ្ឋានមិនតិចដែរមានប្រាក់ចំណូលក្នុងមួយឆ្នាំពី ៥ ដល់ ៨ ពាន់លានដុងក្នុងមួយហិកតា ការដាំដុះបន្លែដែលប្រើប្រាស់បច្ចេកវិទ្យា IoT សម្រេចបានជាង ២ ពាន់លានដុងក្នុងមួយហិកតាក្នុងមួយឆ្នាំ ការដាំដុះផ្កា ដែលប្រើប្រាស់បច្ចេកវិទ្យា IoT សម្រេចបានពី ៣ ដល់ ៨ ពាន់លានដុងក្នុងមួយហិកតាក្នុងមួយឆ្នាំ។
ជួយជំរុញការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យកសិកម្ម
ក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅមានការវិវត្តស្មុគស្មាញខ្លាំងនោះ គណៈកម្មាធិការប្រជាជនខេត្ត ឡឹមដុង បានរួមសហការជាមួយនាយកដ្ឋានជួយជំរុញពាណិជ្ជកម្ម (ក្រសួងឧស្សាហកម្មនិងពាណិជ្ជ កម្ម) ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចមួយចំនួនដូចជា Tiki Shopee Lazada អគ្គក្រុមហ៊ុនប្រៃសណីយ៍ វៀតណាម (Vietnam Post) ដែលជាអង្គភាពគ្រប់គ្រង ផ្សារពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច Postmart សម្រាប់ជួយឧបត្ថម្ភ ដាក់បញ្ជូនផលិតផលកសិកម្មផ្សេងៗ របស់មូលដ្ឋានចូលផ្សារពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិច។
គិតដោយឡែកឆ្នាំ ២០២១ ខេត្ត ឡឹមដុង បានអភិវឌ្ឍគេហទំព័រចំនួន ១២ ផ្គត់ផ្គង់សេវាកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច គេហទំព័រលក់ទំនិញចំនួន ១៦០ របស់សហគ្រាសដែលទទួលបានការបញ្ជាក់ពីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មហើយ។
ការជួយជំរុញដំណើរការធ្វើបរិវត្តកម្មឌីជីថលបានជួយឱ្យកសិដ្ឋាន សហគ្រាស សហករណ៍មិនតិចទេនៃខេត្ត ឡឹមដុង ត្រូវបានអតិថិជនដឹងស្គាល់ដល់យ៉ាងច្រើនថែមទៀតឆ្លងតាមរយៈភាពងាយស្រួលនៃមធ្យោបាយឌីជីថលផ្សេងៗ ដូចជា Google Youtube Facebook ។ល។
ទន្ទឹមនឹងការជំរុញយ៉ាងខ្លាំងក្លាការបិទលេខកូដ QR តែមប្រិ៍បញ្ជាក់ប្រភពដើមផលិតផលកសិកម្ម ខេត្តក៏បានកសាងដោយជោគជ័យពាណិជ្ជសញ្ញាកសិផលដោយមានម៉ាកយីហោ "ដាឡាត- ការគួបផ្សំភាពប្រណីតអស្ចារ្យពីដែនដីដ៏សុខដុម" ព្រមទាំងរៀបចំដាក់ដំណើរការកម្មវិធី "ឃុំមួយផលិតផលមួយ" (OCOP) ប្រកប ដោយប្រសិទ្ធភាព។
រហូតមកទល់ពេលនេះ ខេត្ត ឡឹមដុង មានផលិតផល OCOP ចំនួន ១៥៥ ក្នុងចំណោមនោះ មានផលិតផលចំនួន ២ ត្រូវបានទទួលស្គាល់ជាផលិតផល OCOP ថ្នាក់ជាតិ។
ដោយមានគម្រោងរៀបចំតំណភ្ជាប់កសិកម្មជាមួយឧស្សាហកម្មកែច្នៃ ពង្រីកទីផ្សារ នាំចេញកសិផលនិងខ្សែចង្វាក់តម្លៃទូទាំងសកលលោកនៃខេត្ត ឡឹមដុង ដំណាក់កាល ២០២២ - ២០២៥ ខេត្ត ឡឹមដុង ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ មានកសិផលយ៉ាងតិចបំផុតចំនួន ៥០% របស់ខេត្តបានលក់ដូរឆ្លងតាមរយៈខ្សែចង្វាក់ស្ថិរភាព តួលេខនាំចេញសម្រេចបានជាង ៦០០ លានដុល្លារ។
យោងតាមលោក ផាម អេស អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ឡឹមដុង បានឲ្យដឹងថា ខេត្តនឹងបន្តបង្កើនទ្រង់ទ្រាយនៃការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យកសិកម្ម ខិតខំប្រឹងប្រែងមានកសិករ ៥០% ទទួល បានការហ្វឹកហ្វឺន បណ្តុះបណ្តាលប្រើប្រាស់បច្ចេកវិទ្យា ឌីជីថលនិងរបៀបរបបឃោសនា ផ្សព្វផ្សាយ លក់ផលិតផលតាមអ៊ីនធឺណិត មានសហគ្រាសកសិកម្ម សហករណ៍កសិកម្មចំនួន ៥០% មានសកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច ធ្វើអាជីវកម្មកសិកម្មឆ្លាតវៃ មាន ១០០% ផលិតផល OCOP មានលក្ខណៈពិសេសដាច់ដោយឡែកនៃផ្នែកកសិកម្មត្រូវបានធ្វើអាជីវកម្មតាមបណ្តាញអ៊ីនធឺណិត៕
អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ