ហាលថ្ងៃហាលភ្លៀងអស់ ១៨ ឆ្នាំមកហើយ អ្នកគ្រូ ក្វាច់ ធីប៊ិចនូ ជា ជនជាតិ មឿង នាយិការងសាលាមត្តេយ្យឃុំ ដុងរួង ស្រុក ដាបាក់ (ខេត្ត ហ្វាប៊ិញ) នៅតែឧស្សាហ៍ព្យាយាមបើកទូក ដ ឆ្លងកាត់ទន្លេ ដា ជារៀងរាល់ថ្ងៃដឹកសិស្សសាលាទៅ "រកតួអក្សរ"។
ចាប់កំណើតនិងធំដឹងក្តីនៅឃុំ ដុងរួង អ្នកគ្រូ នូ ឆាប់យល់ដឹងអំពីស្ថានភាពលំបាកលំបិននិងចម្ងាយផ្លូវទៅកាន់សាលារៀនពោរពេញដោយក្តីលំបាកវេទនារបស់សិស្សសាលាភូមិ ញ៉ាប។ មើលទៅចរន្តទឹកហូរខ្មួលខ្មាញ់នៃទន្លេ ដា រាំងជំហានសិស្សសាលា អ្នកគ្រូ នូ បានសម្រេចចិត្តរ៉ាប់រងការមើលថែក្មេងៗ ផង ហើយធ្វើជាអ្នកបើកទូក ដ ដឹកប្អូនៗ ទៅសាលារៀនផង។ ឆ្នាំ ២០១១ អ្នកគ្រូ នូ សម្រេចចិត្តលក់គោមួយនឹមដើម្បីទិញទូកម៉ាស៊ីនមួយគ្រឿងដែលមិនទាមទារប្រាក់អ្វីពីខាងគ្រួសារប្អូនៗ សិស្សសាលាណាឡើយ។
ទើបតែមួយប៉ប្រិចសោះអស់រយៈពេល ១៨ ឆ្នាំហើយ គ្រប់យ៉ាងក៏ដើម្បីសិស្សសាលាជាទីស្រឡាញ់ អ្នកគ្រូ នូ ក្លាយជាគំរូភ្លឺថ្លាអំពីកម្លាំងចិត្តដ៏ក្លៀវក្លា អ្នកជម្រុលទឹកចិត្តដើម្បីប្អូនៗ សិស្សសាលាខិតខំប្រឹងប្រែងរៀនសូត្រឈោងឈានឡើង។ ដោយមានបណ្តាស្នាដៃសម្រេចបាន ឆ្នាំ ២០២២ អ្នកគ្រូ នូ ត្រូវបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលប្រគល់ជូនប័ណ្ណសរសើរជាបុគ្គលឆ្នើមក្នុងការសិក្សារៀនសូត្រ ធ្វើតាមមនោគមន៍ សីលធម៌ ស្ទីលរស់នៅនិងធ្វើការរបស់ ហូ ជីមិញ មានកិត្តិយសគឺជាគំរូតួយ៉ាងមួយក្នុងចំណោមគំរូតួយ៉ាងទាំងឡាយរបស់ខេត្ត ហ្វាប៊ិញ ចូលរួមក្នុងពិធីផ្លាស់ប្តូរទូទាំងប្រទេសបណ្តាគំរូតួយ៉ាងក្នុងការសិក្សារៀនសូត្រនិងធ្វើតាមមនោគមន៍ សីលធម៌ ស្ទីលរស់នៅនិងធ្វើការរបស់ ហូ ជីមិញ៕
អត្ថបទ៖ សុងហា រូបថត៖ ត្រុងដាត
បញ្ចូលទិន្នន័យដោយ៖ សិរីសួស្តី