ជាសហករណ៍មួយក្នុងចំណោមសហករណ៍តួយ៉ាងរបស់ស្រុក កូវង៉ាង សហករណ៍កសិកម្ម ង៉ុកថាច់ ឃុំ ញីត្រឿង បច្ចុប្បន្នមានសមាជិកចំនួន ៤០ (ជាង ៩០ ភាគរយជាបងប្អូនជននជាតិ ខ្មែរ) ជំនាញខាងផ្គត់ផ្គង់ជី ថ្នាំការពាររុក្ខជាតិនិងពូជដំណាំ។
យោងតាមបង ថាច់ យឿន នាយកសហករណ៍កសិកម្ម ង៉ុកថាច់៖ "ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៩ ដំបូងឡើយមានសមាជិកចំនួន ១០ ប៉ុន្តែអាស្រ័យរបៀបធ្វើច្នៃប្រឌិត ចេះជំរុញការចងសម្ពន្ធ សហការក្នុង ផលិតកម្មនិងលក់ផលិតផលបានជាកសិករចូលរួមសហករណ៍កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ បច្ចុប្បន្នសហករណ៍មានផ្ទៃដីផលិតសរុបប្រហែល ១០០ ហិកតា ជំនាញខាងធ្វើស្រែ ដាំពោតពូជនិងបន្លែបង្ការគ្រប់ប្រភេទ"។
ចូលរួមសហករណ៍កសិកម្ម ង៉ុកថាច់ កសិករត្រូវបានឧបត្ថម្ភពូជដំណាំ ជី ណែនាំបច្ចេកទេស ធានាការម៉ៅប្រមូលទិញផលិតផលជាមួយនឹងតម្លៃខ្ពស់ជាងទីផ្សារពី ២០ ទៅ ៣០ ភាគរយ។ល។ អាស្រ័យដូច្នេះ ចំណាយក្នុងផលិតកម្មថយចុះ ប្រាក់ចំណេញកើនឡើងគួរឱ្យកត់សម្គាល់។ ជាមធ្យម ក្នុងមួយហិកតាស្រូវផ្តល់ប្រាក់ចំណូលប្រហែល ២០ លានដុងក្នុងមួយរដូវកាល បន្លែបង្ការពី ៣០ ទៅ ៣៥ លានដុងក្នុងមួយរដូវកាល ខ្ពស់ជាងពី ៥ ទៅ ១០ លានដុងក្នុងមួយរដូវកាលបើប្រៀបធៀបជាមួយនឹងពេលមិនទាន់ចូលរួមសហករណ៍។
សហករណ៍កសិកម្ម ង៉ុកថាច់ នៅមានចែកប្រាក់ចំណេញ ១២,៥ ភាគរយក្នុងមួយឆ្នាំឱ្យរាល់សមាជិកតាមអត្រាបណ្តាក់ទុនចូល ព្រមទាំងដោះស្រាយការងារធ្វើសម្រាប់ពលករដោយមានកម្រិតប្រាក់ចំណូលពី ២០០.០០០ ទៅ ៤០០.០០០ ដុងក្នុងមួយថ្ងៃ។
ឆ្លៀតប្រើប្រាស់ឧត្តមភាពពីដីផ្នូកខ្សាច់ ដីស្រែទួលខ្ពស់ កសិករជាច្រើននៅឃុំ ឡុងសឺន ហ៊ានចូលរួមគំរូសហករណ៍ ជំរុញការដាំបន្លែបង្ការគ្រប់ប្រភេទដូចជា៖ ម្ទេសខ្មាំង ឃ្លោក ត្រឡាច ឪឡឹកជាដើម។ ត្រូវបានឧបត្ថម្ភបច្ចេកទេស ពូជដំណាំ ជី លក់ផលិតផល។ល។ ក្រុមគ្រួសារជាច្រើនទទួលបានប្រាក់ចំណេញក្នុងមួយរដូវកាលពី ៤០ ទៅ ១០០ លានដុងក្នុងមួយហិកតា។ ជីវភាពកែលម្អ បងប្អូនជនជាតិចូលរួមយ៉ាងសកម្មក្នុងការកសាងជនបទថ្មីនៅមូលដ្ឋាន រួមចំណែកជាមួយឃុំ ឡុងសឺន សម្រេចស្តង់ដារជនបទថ្មីនៅពាក់កណ្តាលឆ្នាំ ២០២២។
លោក ង្វៀន វ៉ាន់ង៉ា ប្រធានគណៈកម្មាធិការប្រជាជនស្រុក កូវង៉ាង បានឲ្យដឹងថា៖ បច្ចុប្បន្ន ស្រុក កូវង៉ាង មានសហករណ៍ចំនួន ២៦ ក្នុងនោះមានសហករណ៍ជាច្រើន ផលិត ធ្វើអាជីវកម្មប្រសិទ្ធភាព ជួយលើកកម្ពស់តម្លៃកសិផលផង បង្កើតការងារធ្វើជូនពលករជនបទផង។ បច្ចុប្បន្នប្រាក់ចំណូលមធ្យមក្នុងមួយឆ្នាំរបស់ស្រុកសម្រេច ៦៤,២៦ លានដុងក្នុងមនុស្សម្នាក់ កើនឡើង ៥១,៥៥ លានដុងក្នុងមនុស្សម្នាក់ក្នុងមួយឆ្នាំបើប្រៀបធៀបនឹងចុងឆ្នាំ ២០១០។ ស្រុក កូវង៉ាង ក៏ទើបតែត្រូវបាននាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលទទួលស្គាល់ជាស្រុកសម្រេចស្តង់ដារស្រុកជនបទថ្មី៕
អត្ថបទ៖ ថាញ់ហ្វា រូបថត៖ ថាញ់ហ្វា - ភុកថាញ់ - ត្រឹនវៀត
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់