ធ្វើដំណើរលើខ្សែផ្លូវក្រាលកៅស៊ូពីកណ្តាលឃុំ ផុងដុង មកភូមិ វិញថាញ់ កន្លែងមានបងប្អូនជនជាតិ ខ្មែរ ជាង ៤៥% រស់នៅអមសងខាងផ្លូវគឺដើមឈើបៃតងជាជួរៗ ត្រជាក់ត្រជុំ ផ្ទះធំទូលាយទាំងឡាយ យើងខ្ញុំចំណាប់អារម្មណ៍យ៉ាងច្បាស់ពីការផ្លាស់ប្តូរនៃជីវភាពរបស់បងប្អូនជនជាតិនៅទីនេះ។ ដោយមានការលើកទឹកចិត្តឧបត្ថម្ភពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បងប្អូននារីនៅក្នុងភូមិមានការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូលបន្ថែមពីរបរត្បាញកំប្លោកហើយ។
អញ្ជើញមកសួរសុខទុក្ខគ្រួសារអ្នកស្រី ធីយៀម នៅភូមិ វិញថាញ់ បានដឹងថា គ្រួសារអ្នកស្រីមិនត្រឹមតែធ្វើស្រែគួបផ្សំនឹងចិញ្ចឹមបង្កងដៃវែង បង្គាក្លឹងប៉ុណ្ណោះទេ ថែមទាំងឆ្លៀតពេលទំនេរត្បាញថាស ជាល កន្ត្រក ផើង កាបូបយួរ កម្រាលធ្វើពីកំប្លោកទៀតផង។ អ្នកស្រី ធីយៀម ចែករំលែកថា៖ "រៀងរាល់ថ្ងៃជាមធ្យមខ្ញុំត្បាញបានផលិតផលចំនួន ២។ ថ្ងៃណាធ្វើបានច្រើនគឺបានចំនួន ៣ ដល់ ៤ ផលិតផល។ អាស្រ័យហេតុដូច្នោះ គ្រួសារមានចំណូលបន្ថែមប្រហែល ៣ លានដុងក្នុងមួយខៃ"។
ក៏ដូចអ្នកស្រី ធីយៀម ដែរ គ្រួសារអ្នកស្រី ធីដែត មានស្រែ ៥ កុងអោយជួល ក្រោយពេលទំនេរពីការងារស្រែចម្ការក៏ប្រកបរបរត្បាញកំប្លោកបន្ថែម រកចំណូលពី ១០០.០០០ ទៅ ២០០.០០០ ដុងក្នុងមួយថ្ងៃ។ រីឯគ្រួសារអ្នកស្រី ធីហា មានកូន ៥ នាក់គឺកូនទាំង ៥ នាក់នោះសុទ្ធតែតាមមុខរបរនេះដែរ ប្រាក់ចំណូលរបស់គ្រួសារកើនឡើងបន្ថែមពី ៥ ទៅ ៧ លានដុងក្នុងមួយខែៗ។ ជាមួយនឹងការលក់ដូរតូចតាច ផ្ទះអ្នកស្រី ហា បានរួចផុតពីភាពក្រីក្រពីមួយជំហានទៅមួយជំហាន លំនឹងជីវភាពរស់នៅ។
គ្រួសារអ្នកស្រី ធីយៀម ធីដែត និង ធីហា គ្រាន់តែជាគ្រួសារសមាជិកក្រុមសហការ ខ្មែរ ចូលរួមក្រុមសហការតម្បាញកំប្លោក សារ៉ាន ចំនួន ៣ ក្នុងចំណោម ៤០ គ្រួសារនៃភូមិ វិញថាញ់។ អ្នកស្រី ធី សារ៉ាន ប្រធានសាខាសមាគមនារីភូមិ វិញថាញ់ មានប្រសាសន៍ថា៖ ដើម្បីជួយបងប្អូននារី ខ្មែរ បង្កើនប្រាក់ចំណូលបន្ថែម មានជីវភាពរស់នៅប្រកបដោយស្ថិរភាព សាខាសមាគមបានទៅស្វែងយល់ សិក្សារៀនសូត្រគំរូត្បាញកំប្លោកនៅជាច្រើនកន្លែងរួចហើយយកមកអនុវត្តនៅមូលដ្ឋាន។ អាស្រ័យហេតុនេះ បងប្អូននារី ខ្មែរ ក្នុងក្រុមសហការតម្បាញកំប្លោក សារ៉ាន មានការងារធ្វើបន្ថែមដោយមានប្រាក់ចំណូលពី ១០០.០០០ ទៅ ១៥០.០០០ ដុងមួយថ្ងៃ អ្នកទើបតែចេះត្បាញក៏បានពី ៥០.០០០ ទៅ ៧០.០០០ ដុងក្នុងមួយថ្ងៃដែរ។
យោងតាមលោក ចូវ ង៉ុកកឹន លេខាគណៈកម្មាធិការបក្សឃុំ ផុងដុង ដោយមានការប្រឹងប្រែងរបស់អាជ្ញាធរ រាល់កម្មវិធីជួយឧបត្ថម្ភបងប្អូនជនជាតិ ខ្មែរ អភិវឌ្ឍសេដ្ឋកិច្ចនៅមូលដ្ឋានបានពង្រីកប្រកបដោយប្រសិទ្ធភាព រួមចំណែកជួយអត្រាក្រុមគ្រួសារក្រីក្ររបស់ឃុំថយចុះនៅត្រឹមចំនួន ១,៨៩% (ឆ្នាំ ២០២២ គឺ ៣,០៤%)។ ឃុំ ផុងដុង ប្រឹងប្រែងសម្រេចស្តង់ដារឃុំជនបទថ្មីកម្រិត លើកកម្ពស់នៅឆ្នាំ ២០២៥។
លោក វ៉ ថាញ់ស៊ន់ ប្រធានគណៈកម្មាធិការឃោសនាអប់រំនៃគណៈកម្មាធិការបក្សស្រុក វិញធន់ ឲ្យដឹងថា សកម្មភាពរបស់ក្រុមសហការតម្បាញកំប្លោក សារ៉ាន និយាយដោយឡែកនិងសាខាសមាគមនារីភូមិ វិញថាញ់ និយាយរួមបានបង្កើតការងារធ្វើ ពាំនាំប្រាក់ចំណូលស្ថិរភាពមកជូនបងប្អូននារី រួមចំណែកកសាងស្រុកកំណើតកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ៕
អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យ៖ សិរីសួស្តី