WHO ​ព្រមាន​ថា ប្រៀប​ឈ្នះ​ដែល​ទទួល​បាន​យ៉ាង​លំបាក​លើកូ​វីដ​-១៩​ កំពុង​ជួប​ហានិភ័យ ខណៈ​មេរោគ Delta​ ឆ្លង​រាលដាល​យ៉ាង​រហ័ស​

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃសុក្រទី ៣០ ខែ កក្កដា ថា ពិភពលោកកំពុងប្រឈមនឹងការបាត់បង់នូវប្រៀបឈ្នះដែលទទួលបានយ៉ាងលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ខណៈមេ រោគ Delta កំពុងឆ្លងរាលដាលយ៉ាងរហ័ស ប៉ុន្តែវ៉ាក់សាំងដែលបានអនុម័ត ដោយ WHO នៅតែមានប្រសិទ្ធភាព។

កាសែត វ៉ាស៊ីនតោនប៉ុស្តិ៍ ដែលដកស្រង់ឯកសារផ្ទៃក្នុងរបស់មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ អាម៉េរិក (CDC) បាននិយាយថា CDC បានពណ៌នាមេរោគ Delta ថាអាចឆ្លងលឿនដូចជំងឺអុតស្វាយ ហើយព្រមានថា វាអាចបង្កឱ្យមានជំងឺធ្ងន់ធ្ងរ។

លោក តេត្រូស អាដាណុម ហ្គេប្រេយ៉េស៊ូស អគ្គនាយក WHO បាននិយាយ ថា ការឆ្លងកូវីដ-១៩ បានកើនឡើង ៨០ ភាគរយក្នុងរយៈពេល ៤ សប្តាហ៍ចុងក្រោយនេះនៅក្នុងតំបន់ភាគច្រើននៃពិភពលោក។ ការស្លាប់នៅទ្វីប អាហ្វ្រិក ទីដែលមានប្រជាជនតែ ១,៥ ភាគរយប៉ុណ្ណោះបានចាក់វ៉ាក់សាំង បានកើនឡើង ៨០ ភាគរយក្នុងរយៈពេលដូចគ្នា។

លោក តេដ្រូស បានប្រាប់សន្និសីទសារព័ត៌មានថា "ប្រៀបឈ្នះដែលទទួលយ៉ាងលំបាកកំពុងស្ថិតក្នុងគ្រោះថ្នាក់ ឬត្រូវបាត់បង់ ហើយប្រព័ន្ធសុខាភិបាលនៅក្នុងប្រទេសជាច្រើនកំពុងចាញ់ច្រាប"

យោងតាម WHO មេរោគ Delta ត្រូវបានរកឃើញនៅក្នុងប្រទេសចំនួន ១៣២ ដោយបានក្លាយជាមេរោគគ្របដណ្តប់ខ្លាំងជាងគេលើពិភពលោក។

លោក ម៉ៃ រ៉ាយអែន ជាអ្នកជំនាញគ្រាអាសន្នកំពូលរបស់ WHO បាននិយាយថា "វ៉ាក់សាំងដែលអនុម័តដោយ WHO ផ្តល់ការការពារយ៉ាងសំខាន់ប្រឆាំងនឹងការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនិងការចូលដេកមន្ទីរពេទ្យបង្កឡើងពីមេរោគបំប្លែងខ្លួនទាំងអស់រួមទាំងមេរោគ Delta"

លោកនិយាយថា "យើងកំពុងប្រយុទ្ធប្រឆាំងនឹងមេរោគតែមួយ ប៉ុន្តែជាមេរោគដែលឆ្លងលឿនជាងមុននិងអាចសម្របខ្លួនបានយ៉ាងល្អក្នុងការចម្លងក្នុងចំណោមមនុស្សនោះហើយជាភាពខុសគ្នា"

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ជ័យពិសិដ្ឋ

(ព័ត៌មានក្រៅប្រទេស)

អ្នកប្រហែលជាចាប់អារម្មណ៍