ចម្ងាយពីទីក្រុង ហ្វេ (ខេត្ត ធឿធៀន - ហ្វេ) ប្រមាណជា ៥០ គីឡូម៉ែត្រ ឧទ្យានជាតិ បាច់ម៉ា ជាគោលដៅមិនអាចរំលងចោលបានសម្រាប់ភ្ញៀវទេសចរដែលចូលចិត្តការធ្វើដំណើរផ្សងព្រេងរុករកសម្រស់ធម្មជាតិ។
ដោយមានផ្ទៃដីសរុបចំនួន ៣៧.៤៨៧ ហិកតា លាតសន្ធឹងលើភូមិសាស្ត្របណ្តាស្រុក ភូឡុក ណាមដុង និងផ្នែកមួយនៃស្រុក ដុងយ៉ាង (ខេត្ត ក្វាង ណាម) ឧទ្យានជាតិ បាច់ម៉ា ត្រូវបានចាត់ទុកជាកំណប់ទ្រព្យសម្បត្តិ "បេតិកភណ្ឌធម្មជាតិ" មួយ។
អញ្ជើញមកកាន់ឧទ្យានជាតិ បាច់ម៉ា ភ្ញៀវទេសចរមានឱកាសធ្វើដំណើរផ្សងព្រេងរុករកតាមខ្សែផ្លូវលំធម្មជាតិដ៏គួរអោយចាប់អារម្មណ៍ផ្សេងៗ ដូចជាផ្លូវលំ ទ្រីសាវ ភ្ជាប់ទៅកាន់ល្បាក់ទឹក ទ្រីសាវ ផ្លូវលំ ដូគ្វៀន ភ្ជាប់ទៅកាន់ល្បាក់ទឹក ដូគ្វៀន ផ្លូវលំ វ៉ុងហាយដាយ ភ្ជាប់ទៅកាន់ប៉ម គន់មើលទេសភាពនៅលើកំពូលភ្នំ បាច់ម៉ា។
ឈរនៅទីនេះ ភ្ញៀវទេសចរអាចគន់មើលទេសភាពទូទៅនៃច្រកភ្នំ ហាយ វ៉ឹន ភ្នំ ទុយវ៉ឹន បឹង កូវហាយ ច្រកសមុទ្រ ទឺហៀន ឈូងសមុទ្រ ចឹនម៉ី រួមទាំងបរិយាកាសដ៏ស្ងប់ស្ងាត់នៃទីក្រុង ហ្វេ និងទីក្រុង ដាណាំង ក្រោមពន្លឺព្រិចៗ នាពេលរាត្រី។
មិនត្រឹមតែប៉ុណ្ណោះ ភ្ញៀវទេសចរក៏អាចធ្វើដំណើរតាមដងផ្លូវប្រវែង ៣០០ ម៉ែត្រកាត់ដងព្រៃឈើទាលខ្មៅដែលជាកន្លែងមានដើមឈើដ៏ចំណាស់ច្រើនជាបង្គួរ ដោយមានអង្កត់ផ្ចិតជាង ១ ម៉ែត្រនិងមានកម្ពស់ទៅដល់ជាង ៣០ ម៉ែត្រឯណោះ។
រយៈពេលស្រស់ស្អាតបំផុតសម្រាប់ភ្ញៀវទេសចរអញ្ជើញមកកាន់ឧទ្យានជាតិ បាច់ម៉ា គឺនៅក្នុងរដូវប្រាំងនិងដើមរដូវស្លឹកឈើជ្រុះ។
ក្នុងអំឡុងពេលនេះ បរិយាកាសត្រជាក់ត្រជុំនៅទីនេះនឹងជួយអោយដំណើរផ្សងព្រេង រុករកជម្នះឧបសគ្គរបស់ភ្ញៀវទេសចរកាន់តែពោរពេញទៅដោយមន្តស្នេហ៍ បន្ថែមទៀត៕
អត្ថបទនិងរូបថត៖ ដូទ្រឿង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ