ស្ថិតនៅចម្ងាយពីទីកណ្តាលនៃទីក្រុង បាវឡុក ប្រហែល ១៨ គីឡូម៉ែត្រ ល្បាក់ទឹកធ្លាក់ ដាមព្រី គឺជារម្មណីយដ្ឋានដ៏ល្បីឈ្មោះមួយរបស់ខេត្ត ឡឹមដុង។ ទីកន្លែងមួយនេះតែងតែត្រូវបានភ្ញៀវទេសចរជាច្រើនជ្រើសរើសជាគោលដៅដំបូងបង្អស់សម្រាប់ដំណើររុករកស្វែងយល់តំបន់ស្ពង់រាប ឡឹមវៀន។
ល្បាក់ទឹកធ្លាក់ ដាមព្រី មានជាប់ទាក់ទិនជាមួយនឹងរឿងរ៉ាវស្នេហាដ៏ស្រស់ស្អាតនៃមាណពក្រខ្សត់មួយរូបចាប់ចិត្តស្រលាញ់មាណវីដែលជាកូនស្រីរបស់គ្រួសារអ្នកមានស្តុកស្តម្ភជនជាតិ ក្ហ មួយ។ ក៏ប៉ុន្តែមាណពត្រូវខាងគ្រួសារមាណវីនោះរារាំងទៅវិញ។ ស្រាប់តែថ្ងៃមួយ មាណពត្រូវបាត់ខ្លួន មាណវីអង្គុយយំរង់ចាំជារៀងរហូតតែមិនឃើញសង្សារវិលត្រឡប់មកវិញឡើយ។
ទឹកភ្នែករបស់នាងបានក្លាយទៅជាល្បាក់ទឹកធ្លាក់ដ៏ធំ។ តាំងពីពេលនោះមក បងប្អូនជនជាតិនៅទីនេះបានដាក់ឈ្មោះល្បាក់ទឹកធ្លាក់ជា ដាមព្រី ដោយមានអត្ថន័យគឺ "រង់ចាំ"។
ល្បាក់ទឹកធ្លាក់ ដាមព្រី ស្ថិតនៅកណ្តាលព្រៃធម្មជាតិនៅរក្សាបានភាពដើមដោយមានផ្ទៃដីប្រមាណជា ៣០០ ហិកតាដោយមានសត្វស្លាបគ្រប់ប្រភេទនិងដើមឈើចំណាស់ៗ ដ៏មានតម្លៃជាច្រើន។
នាពេលបច្ចុប្បន្ននេះ ល្បាក់ទឹកធ្លាក់ ដាមព្រី ក្លាយជាទីកន្លែងមួយក្នុងចំណោមបណ្តាទីកន្លែងទេសចរណ៍ដ៏ទាក់ទាញភ្ញៀវទេសចររាល់ពេលមានឱកាសឆៀងចូលទស្សនាទឹកដីកំណើតនៃបុប្ផារាប់ពាន់ប្រភេទនេះ៕
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖ ចន្ទ រាជនី