ស្ថិតនៅចម្ងាយពីកណ្តាលទីក្រុង សុកត្រាំង ប្រហែល ៦០ គីឡូម៉ែត្រ ផ្សារបណ្តែតទឹក ង៉ាណាំ គឺជាផ្លូវប្រសព្វនៃទន្លេចំនួនប្រាំច្រកផ្សេងៗ គ្នាចាប់ពី កាម៉ៅ ឡើងមក វិញក្វើយ ចូលមក ឡុងមី ថាញ់ទ្រី ឆ្លងកាត់មក ភុងហៀប ចុះមក។ នេះក៏ជាផ្សារបណ្តែតទឹកមួយដែលមានអាយុកាលយូរលង់ណាស់មកហើយ មានភាពអ៊ូអរ ពាំនាំមកនូវលក្ខណៈវប្បធម៌ស្ទឹងទន្លេនៃតំបន់វាលទំនាបទន្លេ គឺវឡុង។
មានឈ្មោះហៅថា ង៉ាណាំ មានវត្តមាននៅពេលជនជាតិ បារាំង ជីកព្រែក ក្វានឡូ ភុងហៀប រួមជាមួយនឹងព្រែក ឆាង កាត់ទទឹងព្រែក សែវជិញ បង្កើតទៅជាដៃទន្លេចំនួនប្រាំ ចាប់ពី ង៉ាណាំ បណ្តោយទៅខេត្ត បាកលៀវ ហូវយ៉ាង កៀនយ៉ាង។ នៅពេលទើបតែបង្កើតឡើងជារូបរាង ង៉ាណាំ ប្រជាជននៅទីនេះបានប្រមូលផ្តុំគ្នាដើម្បីប្រជុំផ្តោះប្តូរពាណិជ្ជកម្មនិងផ្សារបណ្តែតទឹក ង៉ាណាំ បានបង្ហាញខ្លួនយ៉ាងឆាប់។ ហៅថាផ្សារបណ្តែតទឹកពីព្រោះរាល់សកម្មភាពលក់ដូរ ផ្តោះប្តូរត្រូវបានកើតឡើងលើផ្ទៃទន្លេ អ្នកលក់ អ្នកទិញទាំងអស់សុទ្ធតែប្រើប្រាស់ទូកសម្រាប់ធ្វើដំណើរ។
សកម្មភាពលក់ដូរ ផ្តោះប្តូរទំនិញកើតឡើងយ៉ាងមមាញឹករបស់ប្រជាជននៅដៃទន្លេមួយបានបង្កើតទៅជាផ្ទាំងគំនូរនៃទន្លេជនបទដ៏ល្អឯកនៅផ្សារបណ្តែតទឹក ង៉ាណាំ
មានឱកាសមកកាន់ ង៉ាណាំ នៅចំពេលប្រជុំផ្សារ ភ្ញៀវទេសចរនឹងបានឃើញកន្លែងនេះ ប្រៀបដូចជាផ្ទាំងគំនូរពណ៌នាជាក់ស្តែងនិងរស់រវើក ចម្រុះពណ៌នៃបន្លែបង្ការ មើម ផ្លែឈើគ្រប់ប្រភេទរួមជាមួយនឹងពណ៌នៃអាវ បាបា សូរសំឡេងទូកធំតូច ទូកក្តារប្រាំងសន្លឹក ទូកក្តារបីសន្លឹកបើកបរចុះឡើងដ៏អ៊ូអរ ឈូឆរក្នុងតំបន់ស្ទឹងទន្លេមួយ។
អ្នកទិញ អ្នកលក់ដោយមានមុខទំនិញរាប់រយមុខ (បន្លែបង្ការ មើម ផ្លែឈើ ភោជនាហារអង្ករ អំបិល ត្រី សាច់ជាដើម) ត្រូវបានដាក់លក់នៅលើទូកនៅផ្សារបណ្តែតទឹក ង៉ាណាំ បានបង្កើតទៅជាលក្ខណៈវប្បធម៌នៃតំបន់ស្ទឹងទន្លេភាគខាងត្បូង
ផ្សារបណ្តែតទឹក ង៉ាណាំ ជាធម្មតាបើកប្រជុំតាំងពីពេលមេឃនៅងងឹត ប្រហែលម៉ោង ៣ ទៅ ៤ ព្រឹក រហូតដល់ព្រះអាទិត្យរះ ប្រហែលម៉ោង ៧ ទៅ ៨ ព្រឹកក៏ជាពេលផ្សារឈប់សម្រាកដែរ នៅសល់តែទូកផ្ទុកទំនិញដឹកទៅតំបន់ជិតៗ នោះឬទូកតូចៗបម្រើតម្រូវការធ្វើដំណើរទៅមករបស់ប្រជាជននៅសងខាងទន្លេ។ លក្ខណៈគួរឲ្យចាប់អារម្មណ៍មួយនៅផ្សារបណ្តែតទឹក ង៉ាណាំ នោះគឺបង្គោលព្យួរទំនិញ យោលយាលទៅមកតែងតោងនៅពីមុខទូក នៅលើបង្គោលព្យួរទំនិញនីមួយៗ គឺជាទំនិញមួយប្រភេទខុសៗ គ្នា។ នេះជារបៀបដែលម្ចាស់ទូកផ្សព្វផ្សាយទំនិញខ្លួនលក់ ជួយឱ្យប្រជាជននិងភ្ញៀវទេសចរកាន់តែងាយស្រួលមើលនិងស្វែងរកថែមទៀត។
ដូងជាប្រភេទកសិផលត្រូវបានឈ្មួញលក់ដូរ ផ្តោះប្តូរយ៉ាងផុសផុល គឹកកងនៅផ្សារបណ្តែតទឹក ង៉ាណាំ
ភ្ញៀវទេសចរអញ្ជើញមកទស្សនា ឆ្លងកាត់បទពិសោធន៍ពីវប្បធម៌លក់ដូរនៅទន្លេផ្សារបណ្តែតទឹក ង៉ាណាំ
ទូកតូចធំរាប់រយគ្រឿងប្រមូលផ្តុំគ្នាលក់ដូរផ្តោះប្តូរទំនិញកសិផលនៅតំបន់ផ្សារបណ្តែតទឹក ង៉ាណាំ
ផ្សារ ង៉ាណាំ លក់ទំនិញគ្រប់មុខ ចាប់តាំងពីបន្លែបង្ការ មើម ផ្លែឈើ ភោជនាហារអង្ករ អំបិល សាច់ ត្រីរហូតដល់សម្លៀកបំពាក់ សំពត់និងទូកបម្រើខាងកាហ្វេ អាហារពេលព្រឹក។ មានឱកាសអញ្ជើញមកផ្សារ ភ្ញៀវទេសចរនឹងបានសម្របខ្លួនក្នុងបរិយាកាសពោរពេញដោយសម្រស់តំបន់ស្ទឹងទន្លេ ដើម្បីស្វែងយល់កាន់តែច្បាស់អំពីវប្បធម៌ ជីវភាពសាមញ្ញ ស្ម័គ្រស្មោះ ស្លូតត្រង់របស់អ្នកខេត្ត សុកត្រាំង៕
អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
បកប្រែដោយ៖ លឺ ធីអៀនថាញ់