ដើម្បីសឲ្យឃើញប្រសិទ្ធភាពសេដ្ឋកិច្ច លោក គីម រួន បាននាំមុខគេប្តូរពីផ្ទៃដីធ្វើស្រែចំនួន ១.០០០ ម៉ែត្រការ៉េមកដាំម្រះនិងត្រសក់វិញ ទទួលបានប្រាក់ចំណេញចំនួន ៤,៥ លានដុងក្នុងមួយរដូវ កើនឡើងជាង ៣ ដងបើប្រៀបធៀបនឹងធ្វើស្រែ។ អនុវត្តតាមលោក គីម រួន បងប្អូនជនជាតិក្នុងភូមិក៏ប្តូរពីផ្ទៃដីធ្វើស្រែមិនសូវមានប្រសិទ្ធភាពជិត ២០ ហិកតាមកដាំបន្លែបង្ការវិញដែរ។
ដោយយល់ដឹងពីទុក្ខលំបាកទាំងឡាយរបស់បណ្តាក្រុមគ្រួសារក្រីក្រ លោក គីម រួន នៅស្ម័គ្រចិត្តឲ្យលោកស្រី សឺន ធីស៊ិញ និងលោក ថាច់ សួស្តី ខ្ចីផ្ទៃដីដាំដុះចំនួន ១ ហិកតា (០,៥ ហិកតាក្នុងមួយក្រុមគ្រួសារ) ទៀតផង។ ក្រោយរយៈពេល ៣ ឆ្នាំខ្ចីដីធ្វើស្រែ ដាំបន្លែបង្ការ គួបផ្សំចិញ្ចឹមសត្វ គ្រួសារលោកស្រី សឺន ធីស៊ិញ មានប្រាក់ចំណូលស្ថិរភាពនិងបានរួចផុតពីភាពក្រីក្រហើយ។ ក៏ធ្វើដូច្នោះដែរ ក្រុមគ្រួសារលោក ថាច់ សួស្តី ក៏រួចផុតពីភាពក្រីក្រអាស្រ័យដោយផ្ទៃដីលោក គីម រួន ឲ្យខ្ចីដើម្បីដាំដុះ។
ក្នុងការងារកសាងជនបទថ្មី លោក គីម រួន បានបរិច្ចាគដីចំនួន ៨០០ ម៉ែត្រការ៉េដើម្បីកសាងទីស្នាក់ការគណៈកម្មការប្រជាជនភូមិ បត់ចេក និងធ្វើផ្លូវគមនាគមន៍។ លោកស្រី ចូវ ធីគីមសែន អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សឃុំ លឿងហ្វា ឲ្យដឹងថា លោក គីម រួន ជាលេខាសាខាបក្សភូមិគំរូនៅមូលដ្ឋាន។ រាល់ការរួមវិភាគទានរបស់លោកបានជួយភូមិ បត់ចេក សម្រេចស្តង់ដារជនបទថ្មីឆ្នាំ ២០២២ និងឆ្ពោះទៅសម្រេចស្តង់ដារជនបទថ្មីគំរូៗ៕
អត្ថបទនិងរូបថត៖ ថាញ់ហ្វា
បញ្ចូលទិន្នន័យ៖ លឺ ធីអៀនថាញ់