ពីថ្ងៃទី ២៨ ខែ សីហា ដល់ថ្ងៃទី ៤ ខែ កញ្ញា បងប្អូនបណ្តាជនជាតិនិងភ្ញៀវទេសចរបានរូតរះម្នីម្នាមកកាន់ខ្ពង់រាប ម៉ុកចូវ (ខេត្ត សឺនឡា) ទទួលស្វាគមន៍បុណ្យឯករាជ្យជាតិ ចូលរួមសប្តាហ៍វប្បធម៌ ទេសចរណ៍ស្រុក ម៉ុកចូវ ឆ្នាំ ២០២៤។
ក្រោមប្រធានបទ "ម៉ុកចូវ - សំឡេងដង្ហោយហៅរដូវស្នេហ៍" សប្តាហ៍វប្បធម៌ ទេសចរណ៍ស្រុក ម៉ុកចូវ ឆ្នាំនេះ មានសកម្មភាពដ៏វិសេសវិសាលជាច្រើនដូចជា៖ ឆ្លងកាត់ការពិសោធន៍វប្បធម៌ភោជនាហារបណ្តាជនជាតិ ស្រាវជ្រាវរាវរកវប្បធម៌សហគមន៍ សម្តែងសិល្បៈប្រជាប្រិយជនជាតិ ម៉ុង ដាក់តាំងបង្ហាញតាំងពិព័រណ៍រូបថតស្អាត ប្រកួតបណ្តាវិញ្ញាសា កីឡាជនជាតិ លោតគោះអង្រែ រាំស្វែ រាំកណ្តឹង។ល។
សកម្មភាពវប្បធម៌សហគមន៍គឺជាចំណុចលេចធ្លោនៃសប្តាហ៍វប្បធម៌ ទេសចរណ៍ស្រុក ម៉ុកចូវ ឧទ្ទេសនាមកម្មវិធីចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ឧបករណ៍ភ្លេងជនជាតិដោយមានការចូលរួមសម្តែងនៃសិប្បករ តារាសម្ដែង មហាជនបណ្តាជនជាតិ៖ ថៃ ម៉ុង យ៉ាវ មឿង ។ល។ ជាង ១៥០ នាក់។
ការប្រកួតបោះជំរំវប្បធម៌មានការចូលរួមពីជំរំចំនួន ១៥ នៅតាមឃុំ ទីរួមស្រុក។ រួមជាមួយនោះគឺដាក់តាំងបង្ហាញ ឧទ្ទេសនាមបរិយាកាសជំនឿ សម្លៀកបំពាក់ គ្រឿងអលង្ការ ឧបករណ៍ពលកម្មលិតកម្ម មុខរបរហត្ថកម្ម ប្រពៃណីនិងផលិតផលកសិកម្មពិសេសៗ របស់មូលដ្ឋាន។
ការប្រកួតបុកម្សៅធ្វើនំ បាញ់យ៉ី ដោយមានការចូលរួមពីក្រុមប្រកួតចំនួន ៧ មកពីឃុំ ចៀនហាក់ តឹនឡឹប ចៀនខឿ ចៀនសឺន ដុងសាង តឹនហ៊ើប និងទីរួមស្រុក ណុងត្រឿង ម៉ុកចូវ ទាក់ទាញប្រជាជននិងភ្ញៀវទេសចរមកទស្សនានិងគាំទ្រយ៉ាងច្រើនកុះករ។
ជាពិសេស កម្មពិធីសិល្បៈ "លង់អារម្មណ៍រាត្រីណាត់ជួប" ត្រូវបានរៀបចំឡើងដោយមានការចូលរួមនៃសិល្បករសិល្បការិនី សិប្បករ តារាសម្ដែងជាង ៤០០ នាក់ ឧទ្ទេសនាមលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនៃបងប្អូនបណ្តាជនជាតិស្រុក ម៉ុកចូវ។
សំឡេងច្រៀង សំឡេងគែនរួមបញ្ចូលជាមួយនឹងសំឡេងនៃគងឃ្មោះលាន់រំពងអឺងកងក្នុងរាត្រីមហោស្រពបាននាំមកឱ្យទស្សនិកជនឆ្លងកាត់ការពិសោធន៍ទាំងឡាយគួរឱ្យចាប់អារម្មណ៍អំពីដែនដី អ្នកខ្ពង់រាប ម៉ុកចូវ។
ក្នុងកម្មវិធី ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត សឺនឡា បានប្រគល់វិញ្ញាបនបត្របញ្ជាក់ បេតិកភណ្ឌវប្បធម៌អរូបីជាតិជូនសហគមន៍កាន់កាប់បេតិកភណ្ឌ៖ "ពិធីបុណ្យសុំទឹកភ្លៀង" របស់ជនជាតិ ថៃ ស ឃុំ មឿងសាង សិល្បៈរចនាលើសម្លៀកបំពាក់របស់ជនជាតិ យ៉ាងតៀន ពិធី ម៉មឿង របស់ជនជាតិ មឿង។
អ្នកស្រី Maeda Ayumiភ្ញៀវទេសចរ ជប៉ុន ចែករំលែកថា៖ "មកកាន់សប្តាហ៍វប្បធម៌ ទេសចរណ៍ ស្រុក ម៉ុកចូវ ខ្ញុំមានអារម្មណ៍ថាបរិយាកាសសប្បាយរីករាយ ផុសផុលយ៉ាងខ្លាំង។ ស្រុក ម៉ុកចូវ មានអាកាសធាតុដ៏បរិសុទ្ធ ល្ហើយត្រជាក់ គោលដៅទេសចរណ៍ស្អាតៗ ដ៏ទាក់ទាញជាច្រើន មុខម្ហូបឆ្ងាញ់ៗ ជាច្រើន។ នេះជាកម្មវិធីទេសចរគួរអោយចងចាំ។ ខ្ញុំនឹងចែករំលែក ដើម្បីមិត្រភក្តិ សាច់ញាតិមកស្រុក ម៉ុកចូវ ក្នុងឱកាសនេះជារៀងរាល់ឆ្នាំ"។
លោកស្រី ង្វៀន ធីហ្វា អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក ម៉ុកចូវ បានឲ្យដឹងថា៖ សប្តាហ៍វប្បធម៌ ទេសចរណ៍ស្រុក ម៉ុកចូវ គឺជាសកម្មភាពជាក់ស្តែង បង្ហាញពីការប្តេជ្ញាចិត្តរបស់បក្ខភាគ អាជ្ញាធរនិងប្រជាជនបណ្តាជនជាតិក្នុងស្រុកខិតខំអភិវឌ្ឍមណ្ឌលទេសចរណ៍ជាតិ ម៉ុកចូវ ក្លាយជាមណ្ឌលទេសចរណ៍មួយក្នុងចំណោមមណ្ឌលទេសចរណ៍ជាតិគោលដៅសំខាន់របស់ប្រទេសទាំងមូល សក្តិសមជា "គោលដៅទេសចរណ៍ធម្មជាតិនាំមុខគេលើពិភពលោក"៕
អត្ថបទនិងរូបថត៖ ក្វាងក្វៀត
ប្រែសម្រួលនិងបញ្ចូលទិន្នន័យ៖ យ័ញលើយ