ក្រោយអំឡុងពេលជាង ១៨ ខែដំណើរការស្ថាបនាដោយមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំង ផ្ទាំងគំនូរ Panorama (សព្វទស្សន៍) ដែលបង្ហាញឡើងវិញពីទិដ្ឋភាពរួមអំពីប្រតិបត្តិការវាយលុកទៅលើសមរភូមិ ដៀនបៀនភូ នៅឯជាន់ទី ២ នៃអគារសារមន្ទីរ ជ័យជម្នះ ដៀនបៀនភូ នោះបានសម្រេចជាស្ថាពរចំពេលរម្លឹកខួបអនុស្សាវរីយ៍គម្រប់ ៦៧ ឆ្នាំនៃជ័យជម្នះ ដៀនបៀនភូ (ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ១៩៥៤ - ថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២១)។
នេះគឺជាវណ្ណកម្មសិល្បៈដែលគូរអំពីប្រធានបទសង្គ្រាមមួយដែលមានទំហំធំជាងគេបំផុតនៅលើពិភពលោក។ ផ្ទាំងគំនូរត្រូវបានគូរលើជញ្ជាំងដោយផាត់ពណ៌ប្រេង មានរាងមូល ប្រវែង ១៣២ ម៉ែត្រ កម្ពស់ ២០,៥ ម៉ែត្រ អង្កត់ផ្ចិត ៤២ ម៉ែត្រ ផ្ទៃក្រឡាសរុបគឺ ៣.២២៥ ម៉ែត្រការ៉េ។
មានវិចិត្រករប្រមាណជា ៨០ នាក់ចូលរួមគូរគំនូរនេះ បង្ហាញឡើងវិញនូវតួអង្គជាង ៤.៥០០ នាក់ គួបផ្សំជាមួយផ្នែករចនាប្លង់រៀបចំវត្ថុតឹកតាង បែបសិល្បៈ បង្កើតឡើងផ្ទាំងគំនូរសព្វទស្សន៍មួយប្រកបដោយតថភាពជាក់ស្តែង រស់រវើកអំពីប្រតិបត្តិការវាយលុកនៅសមរភូមិ ដៀនបៀនភូ។
ផ្ទាំងគំនូរមិនត្រឹមតែមានតម្លៃខាងប្រវត្តិសាស្រ្ត បង្កប់ខ្លឹមសារអំពីបំណងប្រាថ្នាដ៏ខ្លាំងក្លាស្តីអំពីសុខសន្តិភាព ស្មារតីសាមគ្គីភាព ការតស៊ូដ៏មោះមុតរបស់កងទ័ពនិងប្រជាជនយើងប៉ុណ្ណោះទេ ថែមទាំងជាប្រភពឯកសារដ៏មានតម្លៃចូលរួមចំណែកក្នុងការអប់រំប្រពៃណីបដិវត្តន៍សម្រាប់យុវជនជំនាន់ក្រោយៗ ទៀតផង៕
អត្ថបទនិងរូបថត៖ ស៊ន់ទឺ
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពលេខចេញផ្សាយខែឧសភាដោយ៖ ជ័យពិសិដ្ឋ