មនុស្សគ្រប់គ្នាចៀសមិនផុតពីការឈឺម្តងម្កាលឡើយ រួមទាំងក្មេងៗ ផងដែរ។ បើសិនជាកូនតូចត្រូវក្អួត វាច្រើនតែមិនមែនជារឿងដែលត្រូវបារម្ភឡើយ ប៉ុន្តែមិនមែនមានន័យថា ជារឿងដែលគ្រប់គ្នាសប្បាយចិត្តដែរ។ យ៉ាងណាមិញ គួរតែយល់អ្វីទៅដែលធ្វើឲ្យកូនក្អួតនិងរបៀបបញ្ឈប់ការក្អួតដើម្បីកុំឲ្យខ្សោះជាតិទឹកក្នុងខ្លួន។

ទារកទើបនឹងកើត ភាគច្រើនគឺក្អួតម្តងម្កាល។ រឿងនេះកើតឡើងទាំងទារកបៅដោះនិងបៅទឹកដោះគោ។ មានមូលហេតុមួយចំនួនដែលធ្វើឲ្យក្មេងក្អួតដូចជា៖
- បៅច្រើនពេក។
- មានការបង្ករោគដោយវីរុសក្នុងពោះវៀន។
- ការបង្ករោគនៅត្រចៀក ផ្លូវដង្ហើម ឬផ្លូវទឹកនោម ទ្រូងឬបំពង់ក។
- ស្ត្រេស។
ដើម្បីជួយបំបាត់ការក្អួតរបស់ក្មេង ឪពុកម្តាយអាចប្រើវិធីខាងក្រោម៖
លាងមាត់
ក្រោយពីកូនក្អួតរួច ចូរលាងមាត់របស់គេឲ្យស្អាតជាមួយទឹក ឬអាចឲ្យគេញ៉ាំទឹកបន្ថែមក៏បានដែរ។
ឲ្យគេង
ក្មេងច្រើនតែផ្តាសាយ បែកញើសនិងអស់កម្លាំងក្រោយពីក្អួតរួច។ ចូរជូតមុខរបស់គេដោយកន្សែងសើម ហើយដាក់ឲ្យគេង។
ចៀសវាងផលិតផលធ្វើពីទឹកដោះគោ
ការបំបៅដោះកូនអាចបន្តទៀតបាន។ ប៉ុន្តែបើសិនជាការក្អួតនៅតែបន្ត ចូរទាក់ទងទៅគ្រូពេទ្យ។ បើសិនជាកូនធំៗ ក្អួត ចូរចៀសវាងការឲ្យគេញ៉ាំទឹកដោះ គោផលិតផលធ្វើពីទឹកដោះគោឬអាហារមានជាតិខ្លាញ់រយៈពេលពីរថ្ងៃ។
បង្គ្រប់ជាតិទឹកបន្តិចម្តងៗ
ពួកគេមិនគួរណាញ៉ាំទឹកច្រើនភ្លាមៗ នោះទេ ក្រោយពីក្អួតរួចដោយសារតែជាតិទឹកអាចបង្កការរលាកដល់ក្រពះនិងធ្វើឲ្យក្អួតឡើងវិញ។
បើសិនជាពួកគេមិនអាចញ៉ាំទឹកបានចូរឲ្យគេសម្រាកពីរម៉ោងសិន ចាំចាប់ផ្តើមឲ្យញ៉ាំទឹកតិចៗ ម្តងទៀត ដូចជាញ៉ាំទឹកមួយស្លាបព្រាកាហ្វេពេញជារៀងរាល់ពីរនាទីម្តង៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពូជាដោយ៖ ទេវី