លក្ខណៈដ៏វិសេសវិសាលមានដោយឡែកនៃវប្បធម៌ មឿង
ជនជាតិ មឿង នៅខេត្ត ហ្វាប៊ិញ រស់នៅប្រមូលផ្តុំនៅ តាមស្រុក៖ តឹនឡាក ឡាកសឺន កាវផុង គីមបូយ និង ឡឿងសឺន។ ឆ្លងកាត់ជាច្រើនជំនាន់ ជនជាតិ មឿង នៅទីនេះ តែងតែមានមោទកភាពជាប្រភពដើមនៃខឿន "វប្បធម៌ ហ្វាប៊ិញ" ជាទីកន្លែងអភិរក្ស រក្សាទុកស្គរមហោរ ធឹករាប់រយគ្រឿង ឃ្មោះដ៏មាន តម្លៃជាង ៥.០០០ គ្រឿង ជាទីកន្លែងប្រសូតវីរកថា "បង្កើតដី បង្កើតទឹក" ទីកន្លែង ដ៏កក់ក្តៅប្រកបដោយមនោសញ្ចេតនាមនុស្សនៅក្នុងទំនៀម ទម្លាប់ប្រពៃណីដ៏ ល្អប្រពៃនៅតែពោរពេញដោយលក្ខណៈវប្បធម៌ ជនជាតិ វៀតណាម បុរាណ។
ពួនសំងំដ៏ក្សេមក្សាន្តនៅឃុំ ផុងភូ ស្រុក តឹនឡាក ភូមិ លុយអាយ ដោយមាន ចំនួនប្រជាជន ១០០% ជាជនជាតិ មឿង បានក្លាយជានិមិត្តរូប រស់រវើកសម្រាប់ ខឿនវប្បធម៌សម្បូរបែបនិងដ៏វិសេសវិសាលនៃជនជាតិ មឿង។ នេះអាចនឹង ចាត់ទុកថាជាភូមិ មឿង បុរាណ ស្អាតបំផុតនៃខេត្ត ហ្វាប៊ិញ ដោយសារប្រជាជន នៅរក្សាបានរចនាប័ទ្មផ្ទះខ្ពស់ផុតពីដីបែបប្រពៃណី។ លោក ប៊ូយ វ៉ាន់ហ៊៊ិ្វញ ប្រធានភូមិ លុយអាយ អោយដឹងថា ផ្ទះខ្ពស់ផុតពីដីជា លក្ខណៈពិសេសដាច់ ដោយឡែកបំផុតនៃវប្បធម៌ជនជាតិ មឿង។ ផ្ទះខ្ពស់ផុតពីដីត្រូវបានកសាង ៣ ជាន់ ជាន់ខាងក្រោមជាទីកន្លែងក្រុងសត្វចតុបាទ ទ្វេបាទនិងទុកដាក់ ឧបករណ៍ផលិតកសិកម្ម ជាន់កណ្តាលសម្រាប់សម្រាកកាយប្រជុំ ជីវភាព រីឯជាន់លើបំផុតទុកដាក់ប្រដាប់ប្រើប្រាស់គ្រួសារនិង ស្បៀងអាហារ។
រួមជាមួយនឹងរចនាប័ទ្មផ្ទះខ្ពស់ផុតពីដីបែបប្រពៃណី ជនជាតិ មឿង នៅ ខេត្ត ហ្វាប៊ិញ នៅមានសម្លៀកបំពាក់ដ៏វិសេសវិសាលនិង ដាច់ដោយឡែក។ បុរសជាធម្មតាពាក់អាវកាក់ឆែកទ្រូង កមូល មានថង់ពីរខាងក្រោមឬថែម ថង់នៅលើទ្រូងខាងឆ្វេង ជាធម្មតាខោមានជើងខោទូលាយនិង ប្រើកន្សែង ចងកណ្តាលពោះ (ឬហៅថាកន្សែងខោ)។ នារីជនជាតិ មឿង ជាធម្មតា ពាក់អាវខ្លី។ នេះជាប្រភេទអាវកាក់ខ្លី ឆែកទ្រូង ដៃអាវវែង មានពណ៌ត្នោត ឬពណ៌ស ខាងក្នុងពាក់អាវអៀមពណ៌ស។ ក្បាលជួតកន្សែងស ខៀវដោយ មានរចនាប័ទ្មសាមញ្ញៗ មិនក្បាច់ក្បូរច្រើន។
ជនជាតិ មឿង នៅខេត្ត ហ្វាប៊ិញ មានឃ្លាំងសិល្បៈប្រជាប្រិយ ដ៏សម្បូរបែប មួយដោយមានច្រើនប្រភេទដូចជា៖ កំណាព្យវែង បទម៉ រឿងព្រេងបុរាណ ចម្រៀងប្រជាប្រិយ។ល។ រួមជាមួយប្រភេទឧបករណ៍តន្រ្តី ជាច្រើនដូចជា៖ គង ទ្រខ្សែ ២ ខ្លុយ ស្គរ។ល។ វិសេសវិសាលបំផុតគឺ បទចម្រៀងប្រជាប្រិយ រួមជាមួយនឹងពិធីបុណ្យប្រជាប្រិយ ក្នុងនោះជាតួយ៉ាង គឺពិធីបុណ្យដាក់ នេវ - ពិធីបុណ្យផ្សារភ្ជាប់នឹងខឿនកសិកម្មស្រូវស្រែ មានស្លាកស្នាមអរិយធម៌ វៀតណាម បុរាណ គោរពព្រះអាទិទេព អ្នកមានគុណបំណាច់បង្កើតភូមិ បង្កើតមឿង និងបួងសួងសុំអោយវត្ថុធាតុសព្វសត្វទាំងអស់លូតលាស់ រលូន រដូវកាលផ្តល់ផលទ្វេដង ជីវភាពកក់ក្តៅសម្បូរសប្បាយ សុភមង្គល។
វប្បធម៌ មឿង ថែមទាំងវិសេសវិសាលដោយមាន ម៉មឿង ទៀតផង។ និយាយដល់ ម៉មឿង គឺនិយាយដល់ពិធីកិច្ចប្រជាប្រិយមានលក្ខណៈដ៏ ពិសិដ ្ឋត្រូវបានប្រព្រឹត្តទៅនៅក្នុងពិធីបុណ្យសពឬពិធីកិច្ចសុំ អោយសេចក្តី ល្អប្រសើរគ្រប់ប្រការ។ ម៉ ផ្សារភ្ជាប់នឹងវដ្តជីវិតនៃមនុស្ស គ្រប់រូប តាំងពី ពេលចាប់កំណើតកើតមកស្រែកយំក្នុងលោករហូតដល់ពេលចែកឋាន ទៅកាន់ឋានបរមសុខ។
ការពង្រីកតម្លៃវប្បធម៌ មឿង និងខឿន "វប្បធម៌ ហ្វាប៊ិញ"
រួមជាមួយនឹងដំណើរការសមាហរណកម្ម តម្លៃវប្បធម៌ជាច្រើននៃជនជាតិ មឿងនិងខឿន "វប្បធម៌ ហ្វាប៊ិញ" កំពុងត្រូវសាបរលាប ដ៏ធ្ងន់ធ្ងរ។ ប្រឈមមុខនឹង ស្ថានភាពនោះ ខេត្ត ហ្វាប៊ិញ បាននិងកំពុងរៀបចំ ដាក់ដំណើរការដំណោះស្រាយ ជាច្រើនដើម្បីអភិរក្សនិងពង្រីកតម្លៃវប្បធម៌របស់ជនជាតិ មឿង និងខឿន "វប្បធម៌ ហ្វាប៊ិញ"។
ពីឆ្នាំ ២០១០ រហូតមកទល់បច្ចុប្បន្ននេះ ខេត្ត ហ្វាប៊ិញ បានបង្កើនការ ឧទ្ទេសនាម ផ្សព្វផ្សាយ ធ្វើសមុច្ច័យ និពន្ធ បកប្រែកែសម្រួលទស្សនីយ ភាវូបនីយកម្ម ម៉មឿង ដល់ភ្ញៀវទេសចរ នាំយកខ្លឹមសារសម្តែង ម៉មឿង ចូល ទៅក្នុងកម្មវិធី ព្រឹតិ្តការណ៍ធំៗ របស់ខេត្ត។ ខេត្តក៏បង្កើតបានចំនួន ៥ ក្លឹប ម៉មឿង នៅតាមស្រុក៖ ឡាកសឺន តឹនឡាក កាវផុង អៀនធុយ គីមបូយ។ ខេត្តសហការជាមួយស្ថាប័នពាក់ព័ន្ធធ្វើសុក្រឹតកម្មសំណុំ ឯកសារវិទ្យាសាស្រ្ត កេរដំណែលវប្បធម៌ ម៉មឿង យ៉ាងសកម្មដាក់ជូនអង្គការ UNESCO ចុះ ក្នុងបញ្ជីឈ្មោះបេតិកភណ្ឌវប្បធម៌អរូបីត្រូវការការពារជាបន្ទាន់។
ខែ មិថុនា ឆ្នាំ ២០២៤ គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការ បក្សខេត្ត ហ្វាប៊ិញ បង្កើត គណៈកម្មការបង្គាប់ការរៀបចំដំណើរការអនុវត្តគម្រោងមេអភិរក្ស និងពង្រីកតម្លៃ វប្បធម៌ជនជាតិ មឿង និងខឿន "វប្បធម៌ ហ្វាប៊ិញ" ដំណាក់កាល ២០២៣ - ២០៣០។ គម្រោងផ្តោតលើការវិនិយោគកសាងតំបន់អភិរក្សមួយចំនួន តំបន់បរិយាកាស អភិរក្ស បេតិកភណ្ឌវប្បធម៌ជនជាតិ មឿង ម៉មឿង ស្តារតម្លៃវប្បធម៌ រូបីឡើងវិញ អភិរក្ស និងអភិវឌ្ឍគោលដៅទេសចរណ៍សហគមន៍ចំនួន ៥ ពង្រីកតម្លៃ វប្បធម៌អរូបីជនជាតិ មឿង បង្កើនការផ្សព្វផ្សាយ ពង្រីកវប្បធម៌ ហ្វាប៊ិញ។ល។
ជាពិសេស ខែ កក្តដា ឆ្នាំ ២០២៤ កេរដំណែលទាំងពីរ ម៉ាយដា (គុហា) ភូមិ វ៉ាញ់ នៅឃុំ អៀនភូ និង ហាង (រូងភ្នំ)សមត្រាយ នៅឃុំ តឹនឡឹប នៃស្រុក ឡាកសឺន ត្រូវបាន ទទួលស្គាល់ជាកេរដំណែលជាតិពិសេស ក្លាយជាតំណាងគំរូឱ្យ បេតិកភណ្ឌសិក្សា ស្រាវជ្រាវបុរាណវត្ថុមានតម្លៃប្រវតិ្តសាស្រ្ត វប្បធម៌ឆ្លងកាត់រាប់ពាន់ឆ្នាំ នៃខឿនវប្បធម៌ ស្រុកទេស មឿង ហ្វាប៊ិញ។
យោងតាមលោក ង្វៀន ភីឡុង លេខាគណៈកម្មាធិការបក្សខេត្ត ហ្វាប៊ិញ ប្រធាន គណៈកម្មការបង្គាប់ការគម្រោងមេ ខេត្តកំណត់ការអភិរក្សតម្លៃ វប្បធម៌ដើម្បីអភិវឌ្ឍ ទេសចរណ៍ ប្រជាជនជាកត្តាគន្លឹះក្នុងការងារអភិរក្សនិងពង្រីកតម្លៃវប្បធម៌ តម្លៃដ៏ ល្អប្រសើរ ដ៏វិសេសវិសាលផ្សារភ្ជាប់នឹងការបំបាត់ចោលទំនៀមទម្លាប់ ហួសសម័យ ប្រែក្លាយតម្លៃវប្បធម៌ជនជាតិ មឿង និងខឿន "វប្បធម៌ ហ្វាប៊ិញ" ក្លាយជាសម្បត្តិ វឌ្ឍនភាព៕
អត្ថបទ៖ ថាញ់ហាយ - រូបថត៖ អានថាញ់ដាត - លឺវ ត្រុងដាត
ប្រែសម្រួលដោយ៖ សឺនហេង