មានទីតាំងស្ថិតនៅឃុំ អានគឺ ទីរួមខេត្ត ទិញបៀន (ខេត្ត អានយ៉ាង) វត្ត រោទិ៍ មិនត្រឹមតែជាសំណង់ស្ថាបត្យកម្មសាសនាដ៏វិសេសវិសាលប៉ុណ្ណោះទេថែមទាំងជាកន្លែងរក្សាទុកនិងសាយភាយលក្ខណៈវប្បធម៌ប្រពៃណីទាំងឡាយរបស់បងប្អូនជនជាតិ ខ្មែរ នៅតំបន់ បៃនូយ ទៀតផង។
ព្រះតេជគុណ ចៅ សុខន ព្រះចៅអធិការវត្ត រោទិ៍ បានអោយដឹងថា ពិធីបុណ្យប្រណាំងគោត្រូវបានវត្តរៀបចំឡើងតាំងពីច្រើនឆ្នាំមុនម៉្លេះ។ ដោយមានទ្រង់ទ្រាយកាន់តែធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ពិធីបុណ្យប្រណាំងគោវត្ត រោទិ៍ គឺជាឱកាសដើម្បីសហគមន៍ ខ្មែរ លេងកម្សាន្តសប្បាយ ប្រាស្រ័យទាក់ទង ជាមួយគ្នា បង្កើតបរិយាកាសផ្សារភ្ជាប់គ្នា ព្រមទាំងរំលឹកនឹកដល់បុព្វការីជន ជីដូនជីតា បង្ហាញពីការដឹងគុណដល់អ្នកដែលបានចែកឋានទៅហើយ។
លោក ហ្វ៊ិញ ភុកហូវ អនុប្រធានគណៈកម្មការរៀបចំបានឲ្យដឹងថា ការចូលរួមពិធីបុណ្យប្រណាំងគោវត្ត រោទិ៍ លើកទី ១០ មានគោចំនួន ២៤ នឹម ត្រូវបានបងប្អូនជនជាតិ ខ្មែរ នៅស្រុក ទ្រីតូន និងទីរួមខេត្ត ទិញបៀន ជ្រើសរើសយ៉ាងហ្មត់ចត់និងថែទាំតាមរូបមន្តសម្ងាត់ដោយឡែក។ "អ្នកបំបោលគោ" (អ្នកបរគោ) ទាំងឡាយក៏ត្រូវតែហាត់សមតាំងពីច្រើនខែមុនដែរ។ ដោយមានបែបបទការប្រកួតជម្រុះផ្ទាល់ គោមួយនឹមៗ ត្រូវឆ្លងកាត់ការបរមួយជុំ ប្រលែងមួយជុំក្នុងបរិយាកាសអឺងកងនៃសំឡេងភ្លេងពិណពាទ្យនិងការគាំទ្រយ៉ាងអស់ពីចិត្តរបស់ទស្សនិកជន។
បន្ទាប់ពីជុំប្រណាំងទាំងឡាយដ៏រំភើបញាប់ញ័រនិងទាក់ទាញ នឹមគោលេខ ០២ របស់លោក ចៅ ធី នៅឃុំ វ៉ាន់យ៉ាវ បានឈ្នះតំណែងជើងឯក នឹមគោលេខ ២២ របស់លោក ង្វៀន ង៉ុកតៀន នៅសង្កាត់ អានភូ ទទួលបានពានរង្វាន់លេខពីរនិងនឹមគោលេខ ១៥ របស់លោក ត្រឹន គ្វឹកកៀត នៅសង្កាត់ អានភូ ទទួលបានពានរង្វាន់លេខបី។
លោក ហ្វ៊ិញ ភុកហូវ អនុប្រធានគណៈកម្មការរៀបចំចែករំលែកបន្ថែមថា៖ "ពិធីបុណ្យប្រណាំងគោវត្ត រោទិ៍ គឺជាគំរូសង្គមូបនីយកម្មដ៏ជោគជ័យរវាងរដ្ឋ - វត្ត - អ្នកឧបត្ថម្ភក្នុងការអភិរក្សនិងសាយភាយលក្ខណៈវប្បធម៌ដ៏វិសេសវិសាលទាំងឡាយរបស់បងប្អូនជនជាតិ ខ្មែរ មកកាន់ប្រជាជននិងភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស"៕
អត្ថបទ៖ ធូហឿង រូបថត៖ អានហៀវ
ប្រែសម្រួលនិងបញ្ចូលទិន្នន័យដោយ៖ យ័ញលើយ