ក្រោយរយៈពេល ៣០ ឆ្នាំនៃការបង្កើតខេត្ត សុកត្រាំង ឡើងវិញ សង្កាត់ ឃុំទាំងឡាយនៅជាយក្រុងនៃទីក្រុង សុកត្រាំង កំពុងផ្លាស់ប្តូរយ៉ាងខ្លាំងក្លា។ ពីតំបន់ជនបទដ៏លំបាកលំបិន តំបន់ដីទាំងនេះពិតជាបាន "សម្របខ្លួន" ចូលក្នុងចង្វាក់ជីវិតដ៏ស្វាហាប់ មុខមាត់ជនបទផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃ ។ល។
ក្នុងបរិយាកាសដ៏អធិកអធមនៃការរៀបចំសម្រាប់ទិវាមហោស្រពវប្បធម៌កីឡានិងទេសចរណ៍បងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) លើកទី ៨ - ឆ្នាំ ២០២២ តាមពាក្យណាត់ជួបជាមួយលោក ទ្រៀវ ហាងថាញ់ អនុប្រធានគណៈកម្មាធិការប្រជាជន សង្កាត់លេខ ១០ យើងខ្ញុំអញ្ជើញមកដល់សង្កាត់លេខ ១០ ទីកន្លែងមានចំនួនបងប្អូនជនជាតិ ខ្មែរ ជាង ៦៣%។
រីករាយស្វាគមន៍ទទួលយើងខ្ញុំ លោក ថាញ់ បានអោយដឹងថា បានបក្សរដ្ឋយកចិត្តទុកដាក់វិនិយោគបានជាជីវភាពរស់នៅរបស់ប្រជាជនក្នុងសង្កាត់មានការប្រែថ្មីយ៉ាងពិតប្រាកដដោយមានប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានចំនួន ៦០ លានដុងក្នុងមួយឆ្នាំ អត្រាក្រុមគ្រួសារក្រីក្រថយចុះនៅ ០,៣%។
ជាពិសេសសង្កាត់លេខ ១០ លែងមានផ្ទះប្រក់ស្លឹកទៀតហើយ ផ្ទុយពីនោះទៅវិញគឺផ្ទះដ៏រឹងមាំ ធំទូលាយ។
អញ្ជើញមកសួរសុខទុក្ខក្រុមគ្រួសារលោកស្រី លី ធីធូហៀន នៅអនុសង្កាត់ លេខ ១ សង្កាត់លេខ ១០ យើងខ្ញុំឃើញកាន់តែច្បាស់ជាងពីការផ្លាស់ប្តូរទាំងឡាយនៅទីនេះ។
បានអាជ្ញាធរជួយឧបត្ថម្ភដើមទុន កូនពូជ បច្ចេកទេស ។ល។ គ្រួសារលោកស្រី ហៀន បានវិនិយោគធ្វើអាជីវកម្មខ្នាតតូចនិងចិញ្ចឹមគោយកទឹកដោះ។
រហូតមកទល់បច្ចុប្បន្ននេះ គ្រួសារលោកស្រីមានហ្វូងគោចំនួន ២០ ក្បាលហើយ ប្រមូលផលទឹកដោះគោបានប្រហែល ១០០ លីត្រក្នុងមួយថ្ងៃ។
ទទួលប្រាក់ចំណូលពីការចិញ្ចឹមសត្វនិងធ្វើអាជីវកម្មខ្នាតតូចបានជួយកែលម្អជីវភាពរបស់គ្រួសារលោកស្រី ហៀន យ៉ាងច្បាស់ក្រឡែត។
រួមដំណើរជាមួយយើងខ្ញុំលោក យឿង ក្វឹកទៀន ប្រធានសមាគមកសិករសង្កាត់លេខ ១០ ចែករំលែកបន្ថែមថា៖ សមាគមមានសមាជិកចំនួន ៥៨៩ នាក់ ក្នុងនោះសមាជិកចំនួន ១៦៤ ជាក្រុមគ្រួសារកសិករពូកែក្នុងការបង្កបង្កើនផលគ្រប់លំដាប់ថ្នាក់។ ប្រាក់ចំណូលរបស់បណ្តាក្រុមគ្រួសារជាមធ្យមសម្រេចបានពី ២០០ ដល់ ៥០០ លាន ដុងក្នុងមួយឆ្នាំ។
មានចំនួនប្រជាជនជិត ៩០% ជាជនជាតិ ខ្មែរ ប៉ុន្តែចាប់ពីដំណាច់ឆ្នាំ ២០២០ មក សង្កាត់លេខ ៥ លែងមានក្រុមគ្រួសារក្រីក្រទៀតហើយ។
លោក ង្វៀន ហុងហៀវ ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់លេខ ៥ បានអោយដឹងថាអាស្រ័យដោយជំរុញយ៉ាងខ្លាំងក្លាការធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹមបានជាសង្កាត់លេខ ៥ បច្ចុប្បន្ននេះមានគំរូផលិតប្រកបដោយប្រសិទ្ធភាពជាច្រើនដូចជា៖ វាលស្រែអតិផល ផលិត ផលពិសេសប្រចាំតំបន់ គំរូដាំដំណាំអនុវត្តបច្ចេកទេសថ្មី សិប្បកម្មផលិត កម្មអាជីវកម្មខ្នាតតូច... ជាង ៥០។
ក្រុមគ្រួសារជាច្រើនធ្វើស្រែផង ដាំដំណាំផង ធ្វើអាជីវកម្មផងបានរួចផុត ពីភាពក្រីក្រហើយឈោងឈានឡើងក្លាយជាអ្នកមាននៅលើដែនដីស្រុកកំណើតតែម្តង។
តួយ៉ាងដូចជាក្រុមគ្រួសារលោក ត្រឹន មិញធន់ ដោយមានដីស្រែ បន្លែបង្ការ ផលិតកម្មនិងធ្វើអាជីវកម្មខ្នាតតូចចំនួន ១៥០ កុងបច្ចុប្បន្នមានប្រាក់ចំណូលជាមធ្យមពី ៧០០ លានដល់ ១ ពាន់លានដុងក្នុងមួយឆ្នាំ។
អភិវឌ្ឍផលិតកម្មយ៉ាងសកម្ម គិតគូរដល់ជីវភាពប្រជាជនឥតឈប់ឈរសង្កាត់លេខ ៥ សង្កាត់លេខ ១០ និងសង្កាត់ជាយក្រុងដទៃទៀតបានរួមវិភាគទានមិនតិចឡើយចូលក្នុងអត្រាកំណើនរួមនៃទីក្រុង សុកត្រាំង។
ដំណាក់កាល ២០១៨ - ២០២០ ទីក្រុង សុកត្រាំង សម្រេចបានអត្រាកំណើនជាមធ្យមចំនួន ១៥,៨១% ប្រាក់ចំណូលជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបានចំនួន ៨៨,៩ លានដុងក្នុងមួយឆ្នាំខ្ពស់ជាងប្រាក់ចំណូលជាមធ្យមទូទាំងប្រទេសជាង ១,៤ ដង។
ឆ្នាំ២០២១ កន្លងទៅថ្មីៗ នេះ ក្នុងបរិបទជំងឺរាតត្បាតកូវីដ-១៩ ប៉ុន្តែសេដ្ឋកិច្ចរបស់ទីក្រុង សុកត្រាំង នៅតែបន្តរក្សាបានអត្រាកំណើនបង្គួរ ប្រាក់ចំណូលជាមធ្យមរបស់ប្រជាជនលើសពីសន្ទស្សន៍សេចក្តីសម្រេចនិងកើនឡើងចំនួន ៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២០៕
អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ វិច្ឆិកា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ